TMCC-2016៖ តើបឹងកេត ឬ Lanexang ត្រូវប៉ះ Buriram United នៅវគ្គផ្ដាច់ព្រ័ត្រ?

ភ្នំពេញ៖ ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship 2016(TMCC) រវាងក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ និងក្រុម Lanexang United មកពីឡាវ នឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចនេះហើយ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ចាំមើលតើក្រុមណាមួយដែលនឹងក្លាយជាបេក្ខភាពដណ្ដើមតំណែងជើងឯកជាមួយក្រុម Buriram United របស់ថៃ ដែលកំពុងរង់ចាំស្រាប់នៅវគ្គផ្ដាច់ព្រ័ត្រនោះ?

គួរបញ្ជាក់ថា មុនការប្រកួតចាប់ផ្ដើមលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេត បានលើកឡើងថា ក្រុម Lanexang United មិនមែនជាក្រុមធម្មតាឡើយ ជាក់ស្ដែងពេលក្រុម Loa All Stars ជួបក្រុម Cambodia All Stars ដែលកីឡាករឡាវភាគច្រើនមកពីក្រុម Lanexang United នេះ គឺពួកគេបានបង្ហាញទម្រង់លេងដ៏ល្អ ដែលធ្វើឲ្យបឹងកេតមិនអាចធ្វេសប្រហែលបានឡើយ ។ តែយ៉ាងលោកបានប្ដេជ្ញាចិត្ដធ្វើឲ្យបានល្អបំផុត ដើម្បីអ្នកគាំទ្រ និងប្រទេសជាតិរបស់ខ្លួនក្នុងការប្រកួតល្ងាចនេះ បើទោះបីកីឡាករសំខាន់ៗមួយចំនួន មិនអាចលេងពេញម៉ោងក៏ដោយ ។

ដោយឡែកលោក Leonardo Vitorino គ្រូបង្វឹកក្រុម Lanexang United បាននិយាយថា ក្រុមបឹងកេតអង្គរពិតជាមានផលចំណេញច្រើនក្នុងនាមជាម្ចាស់ផ្ទះទាំងអ្នកគាំទ្រ និងទីលានស្មៅសិប្បនិម្មិតស្គាល់ច្បាស់ បូករួមទាំងកីឡាករ Super Star ជាច្រើន ដូចជា ឃួន ឡាបូរ៉ាវី, ស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកាជាដើម ស្របពេលក្រុមលោកគ្មាន Super Star ទេ តែអ្វីជា Super Star គឺការលេងជាក្រុម មិត្តភាព និងការសហការគ្នា ។ អាស្រ័យនេះ លោកនៅតែមានជំនឿចិត្តអាចយកឈ្នះក្រុមបឹងកេតបាន ដើម្បីបំពេញបំណងអ្នកគាំទ្រ និងប្រជាជាតិរបស់ខ្លួន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ