អតីតខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Carlos Tevez បានចុះកុងត្រាជាមួយក្លឹប Shanghai Shenhua ជាផ្លូវការហើយ!

ចិន៖ កីឡាករ Carlos Tevez បានក្លាយជាកីឡាករដែលទទួលតម្លៃពលកម្មថ្លៃជាងគេលើពិភពលោកបន្ទាប់ពីបានចូលរួមនៅ Chinese Super League ជាមួយក្លឹប Shanghai Shenhua ដែលទើបតែបានប្រកាសជាផ្លូវការក្នុងការផ្ទេរកីឡាកររូបនេះពីក្លឹប Boca Juniors របស់អាហ្សង់ទីន ។ បើយោងតាមសេចក្តីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្លឹបបានឲ្យដឹងថា៖ “ក្លឹប Shanghai Greenland Shenhua FC បានយល់ព្រមជាមួយលើលក្ខខណ្ឌជាមួយក្លឹប Atletico Boca Juniors ក្នុងការនាំយកកីឡាករ Carlos Alberto Tevez មកកាន់ក្លឹប Shanghai Shenhua ជាផ្លូវការរហើយ។”


ទោះបីជាតម្លៃខ្លួនរបស់កីឡាករជើងចាស់រូបនេះមិនត្រូវបានបញ្ចេញឱ្យដឹងក៏ពិតមែន ប៉ុន្តែសារព័ត៌មានមួយចំនួនបានចុះផ្សាយថាក្លឹបនៅប្រទេសចិនមួយនេះបានចំណាយប្រមាណជា ៨៤ លានអឺរ៉ូ សម្រាប់នាំយកកីឡាករ Tevez ដែលត្រលប់ទៅលេងនៅប្រទេសអាហ្សង់ទីនវិញបន្ទាប់ពីបានចំណាយពេលលេងនៅអង់គ្លេស និង អ៊ីតាលីរួចមកនោះ ។ តម្លៃនេះបានធ្វើឲ្យកីឡាករ Tevez បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទី ៦ នៅលើពិភពលោក ដោយស្ថិតនៅពីក្រោយកីឡាករ Paul Pogba, Gareth Bale, Cristiano Ronaldo, Gonzalo Higuain និងកីឡាករ Neymar នេះបើយោងតាមព័ត៌មានពីសារព័ត៌មានបាល់ទាត់អាល្លឺម៉ង់ transfermarkt.com។ ក្រៅពីនេះកីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលទទួលបានថ្លៃពលកម្មច្រើនជាងគេផងដែរដោយទទួលបានប្រមាណជា ៧៥៣,០០០ដុល្លារអាម៉េរិគ ក្នុងមួយសប្តាហ៍ជាមួយនឹងកុងត្រារយៈពេល ២ ឆ្នាំជាមួយក្លឹប Shanghai Shenhua ៕


គួរបញ្ជាក់ផងដែរថា ក្លឹប Shanghai Shenhua​ ដែលទើបតែតែងតាំងលោក Gus Poyet ជាអ្នកចាត់ការទូទៅក្លឹបកាលពីខែមុន បានបញ្ចប់រដូវកាលទៅក្នុងចំណាត់ថ្នាក់លេខ ៤ នៅ 2016 Chinese Super League ដែលលេងពីខែ មិនា ដល់ខែ តុលា ដោយតាមពីក្រោយក្លឹប Guangzhou Evergrande ១៦ ពិន្ទុ។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករដែលទទួលបានថ្លៃពលកម្មច្រើនជាងគេនៅលើពិភពលោក

• Carlos Tevez (Shanghai Shenhua) : £615,000 ក្នុងមួយសប្តាហ៍
• Oscar (Shanghai SIPG) : £400,000 ក្នុងមួយសប្តាហ៍
• Cristiano Ronaldo (Real Madrid) : £365,000 ក្នុងមួយសប្តាហ៍
• Lionel Messi (Barcelona) : £365,000 ក្នុងមួយសប្តាហ៍
• Gareth Bale (Real Madrid) : £346,000 ក្នុងមួយសប្តាហ៍
• Hulk (Shanghai SIPG) : £317,000 ក្នុងមួយសប្តាហ៍
• Paul Pogba (Man United) : £290,000 ក្នុងមួយសប្តាហ៍
• Neymar (Barcelona) : £289,000 ក្នុងមួយសប្តាហ៍
• Graziano Pelle (Shandong) :£260,000 ក្នុងមួយសប្តាហ៍
• Wayne Rooney (Man United) :£260,000 ក្នុងមួយសប្តាហ៍

ប្រភព៖ REUTERS

មតិយោបល់

Sponsor

អត្ថបទថ្មីៗ