Toyota Mekong៖ គ្រូ Lanexang United ថា ត្បិតក្រុមខ្លួនគ្មាន Super Star ប៉ុន្តែរំពឹងឈ្នះបឹងកេត!

ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុម Lanexang United របស់ឡាវ បានលើកឡើងថា ក្រុមខ្លួនមិនមានកីឡាករ Super Star នោះទេ សម្រាប់ការត្រៀមជួបក្រុមបឹងកេតអង្គរ គឺគូប្រកួតដ៏ពិបាក នៃជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TOYOTA Mekong Club Championship 2016 លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះឡើយ ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកមិញថា «ការប្រកួតលើទឹកដីកម្ពុជា គឺមានផលចំណេញច្រើនសម្រាប់ក្រុមបឹងកេត ទាំងអ្នកគាំទ្រ ទីលានស្មៅសិម្បនិមិ្មត បូករួមទាំងគ្រូបង្វឹកល្អ និងមានកីឡាករល្អៗថែមទៀត…។ ប៉ុន្ដែក្រុមខ្ញុំគ្មាន Super Star ទេ តែអ្វីដែលជា Super Star របស់ខ្ញុំ គឺការលេងជាក្រុម និងការសហការគ្នា ។ ក្រុមខ្ញុំមកទីនេះ គឺលេងដើម្បីអ្នកគាំទ្រឡាវ ហើយការប្រកួតថ្ងៃស្អែក គឺជាការប្រកួតដ៏អស្ចារ្យ ដែលយើងនឹងមើលឃើញទាំងអស់គ្នា» ។

ទន្ទឹមជាមួយគ្នានោះដែរ លោក Leonardo Vitorino ក៏នៅតែមានការព្រួយបារម្ភពីកីឡាករសំខាន់ៗមួយចំនួនរបស់ក្រុមបឹងកេតអង្គរ ដូចជាខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ពិសេសគឺកីឡាករដ៏មានប្រជាប្រិយភាព ចាន់ វឌ្ឍនាកា តែម្ដង ។ ប៉ុន្ដែយ៉ាងណាលោកនៅតែមានសង្ឃឹមក្នុងការស្វែងរកជ័យជម្នះ ព្រោះការជឿជាក់លើសមត្ថភាព និងកិច្ចសហការរបស់កូនក្រុមខ្លួន សម្រាប់ការប្រកួតស្អែកនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ