គ្រូបឹងកេត៖ ទោះកូនក្រុមមានរបួស ក៏មិនញញើត Lanexang United ដែរ!

ភ្នំពេញ៖ ជំនួបដ៏ជក់ចិត្តរវាងក្រុមបឹងកេតអង្គរ និងក្រុម Lanexang United របស់ឡាវ នឹងធ្វើឡើងនាវេលាម៉ោង ៦ល្ងាចថ្ងៃទី៣១ ខែធ្នូស្អែកនេះហើយ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ ទន្ទឹមជាមួយគ្នានេះ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជានេះ ហាក់មិនសូវព្រួយបារម្ភ ចំពោះការប្រកួតនេះប៉ុន្មានឡើយ បើទោះបីកីឡាករសំខាន់ៗមួយចំនួន នៅមិនទាន់ជាសេះស្បើយពីរបួស ១០០% យ៉ាងណាក៏ដោយ ។

លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យ Camsport ដឹងថា លោកពិតជាមានការសោកស្ដាយ ចំពោះការចេញទៅប្រកួតពានមួយនៅខេត្ត Binh Duong ប្រទេសវៀតណាមដែលបានបណ្ដាលឲ្យកីឡាករ ៤នាក់មានរបួស តែមកទល់ពេលនេះស្ថានភាពរបួសរបស់ពួកគេ មានភាពល្អប្រសើរឡើងវិញហើយ ក្នុងនោះកីឡាករបរទេស Gbenga និង Tomo គឺអាចលេងបាន ១០០% តែនៅស្ទើរបញ្ហាកម្លាំង ។ ដូចគ្នានេះខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងអ្នកចាំទី ស៊ូ យ៉ាទី ក៏អាចចូលលេងបានវិញដែរ ទោះបីលេងមិនបានពេញម៉ោងក្ដី គឺពួកគេអាចលេងបាន ។

គ្រូបង្វឹកវ័យ ៤០ឆ្នាំប្លាយរូបនេះ បន្ដថា៖ «សរុបជារួមទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយ ក៏យើងនៅតែពុះពារ និងប្រឹងប្រែងធ្វើយ៉ាងណាឲ្យលទ្ធផលថ្ងៃទី៣១ គាប់ចិត្តអ្នកគាំទ្រ…។ តែបើយើងមើលពីកម្រិតក្រុមជម្រើសជាតិ និងលីគរបស់គេ (Lanexang United) គឺពុំឃើញមានកន្លែងណាលើយើងទេ ហើយបើនិយាយពីកីឡាករពួកគាត់មានកីឡាករបរទេសតែ ៣នាក់ទេ ដោយឡែកយើងមាន ៥នាក់ ។ ម្យ៉ាងយើងមានប្រៀប ព្រោះធ្វើម្ចាស់ផ្ទះ ដូច្នេះខ្ញុំមានសង្ឃឹមច្រើនក្នុងការស្វែងរកជ័យជម្នះ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី» ។ នេះគឺជាការបង្ហាញពីទំនុកចិត្តរបស់គ្រូបង្វឹកក្រុមតំណាងកម្ពុជា ដែលហាក់មិនញញើត ចំពោះគូប្រជែងគឺក្រុម Lanexang United ឡើយ បើទោះបីកីឡាករសំខាន់ៗមួយចំនួន មិនអាចលេងបានពេញម៉ោងក៏ដោយ ។

លោក ប្រាក់ សុវណ្ណារ៉ា សង្កត់ធ្ងន់ថា៖ «ចំពោះខ្ញុំ ខ្ញុំមិនចង់ប្រើពាក្យពេញជើងទេ ព្រោះហេតុផលមិនមែនទាល់តែមាន វឌ្ឍនាកា, Gbenga ឬមាន Juilis បានឈ្នះទេ អ្វីដែលសំខាន់ គឺជំនឿទាំងអស់គ្នា ថាតើត្រូវមានការប្រែប្រួលបែបណា? ជាក់ស្ដែងកាលលេង All Stars ពួកគាត់ក៏មិនជាប់ជម្រើសដំបូងដែរ តែជាយុទ្ធសាស្ដ្រ ទើបអាចទទួលបានលទ្ធផលល្អ» ។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុម Lanexang United នឹងធ្វើឡើងមួយជើងប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ពោលបើក្រុមណាទទួលបានជ័យជម្នះ ក្រុមនោះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយជួបក្រុមការពារតំណែងជើងឯកថៃ Buriram United ដែលកំពុងរង់ចាំ ។ តែការប្រកួតវគ្គផ្ដាច់ព្រ័ត្ររដូវកាលថ្មីនេះ នឹងធ្វើឡើង ២ជើង(ក្នុងដី និងក្រៅដី) ដើម្បីកំណត់ក្រុមជើងឯក ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ