Toyota Mekong: តើឆ្នាំនេះបឹងកេតអង្គរ អាចរក្សាបានកំណត់ត្រាឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចឆ្នាំមុនដែរឬទេ?

ភ្នំពេញ៖ នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជាបឹងកេតអង្គរ នឹងត្រូវជួបជាមួយក្រុមតំណាងប្រទេសឡាវ Lanexang United ដើម្បីប្រជែងគ្នាដណ្តើមសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រពាន Toyota Mekong Club Championship 2016 ជាបន្តទៀត ។ ទន្ទឹមនឹងនេះ ជាមួយនឹងជំនឿចិត្តខ្ពស់ គ្រូបង្វឹកក្រុមម្ចាស់ផ្ទះបានលើកឡើងថា ក្រុមបានរបស់លោកបានរៀបចំខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយលោកក៏មានក្តីរំពឹងថា កូនក្រុមទាំងអស់នឹងអាចធ្វើបានយ៉ាងល្អ ជាពិសេសនឹងអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រដូចកាលពីឆ្នាំមុនដែរ ។

យ៉ាងណាក៏ដោយជំនួបនាថ្ងៃទី៣១ នេះពិតជាមានភាពស្វិតស្វាញមិនធម្មតាឡើយដោយហេតុថា ក្រៅពីជាការប្រកួតរវាងក្រុមជើងឯកប្រចាំប្រទេសនីមួយៗហើយនោះ ក្រុមទាំងសងខាងសុទ្ធតែស្រេចឃ្លានជ័យជម្នះដូចៗគ្នា ដោយលោក Leonardo Vitorino ដែលជាគ្រូបង្គោលក្រុម Lanexang United បានប្តេជ្ញាថា នឹងធ្វើឱ្យបានល្អបំផុត ពោលគឺល្អជាងកាលជួបក្រុម Yadanarbon របស់មីយ៉ាន់ម៉ា និងជាពិសេសលោកមានទំនុកចិត្តយ៉ាងមុតមាំថា ក្រុមរបស់លោកនឹងអាចផ្តួលក្រុមបឹងកេតអង្គរបានដើម្បីឡើងទៅជួបក្រុម Buriram United ជាបន្តទៀត មិនត្រឹមតែប៉ុណ្ណោះសម្រាប់គ្រូបង្វឹកប្រេសុីលរូបនេះ ការគ្រងតំណែងជើងឯកទើបជាគោលដៅពិតប្រាកដដែលលោកចង់បានបំផុត ។


គួររំលឹកថា កាលពីឆ្នាំ២០១៥ កន្លងទៅ ក្រុមបឹងកេតអង្គរ ធ្វើបានយ៉ាងល្អតាំងពីវគ្គដំបូងរហូតដល់ការប្រកួតផ្តាច់ព្រ័ត្រដែលបានប្រព្រឹត្តទៅនៅលើទឹកដីនៃប្រទេសថៃ បើទោះបីពួកគេទើបតែបានចូលរួមជាលើកដំបូងក៏ដោយ ។ កាលណោះ ក្រុមបឹងកេតអង្គរ បានលត់ក្រុម Lao Toyota FC ក្នុងលទ្ធផល ២-០ ក្នុងជំនួបបើករដូវកាល រួចបន្តឈ្នះក្រុម Yangoon United របស់មីយ៉ាន់ម៉ាជាមួយនឹងលទ្ធផល ៣-០ នៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក មុននឹងចេញដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះវៀតណាម Becamex Binh Duong FC នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមជើងឯកលីគកំពូលកម្ពុជា ២ រដូវកាលនេះ បានបន្តផ្តួលក្រុមជើងឯកលីគកំពូលវៀតណាម Becamex Binh Duong FC ដោយជោគជ័យក្នុងលទ្ធផល ៣-២ តាមរយៈគ្រាប់បាល់ Hat-trick របស់ខ្សែប្រយុទ្ធឆ្នើមចាន់ វឌ្ឍនាកា ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រតែម្តង ។

ទោះជាយ៉ាងណាដោយ នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ក្រុមតំណាងប្រទេសកម្ពុជានេះបានទទួលរងបរាជ័យដ៏គួរឱ្យសោកស្តាយក្រោមថ្វៃជើងរបស់ក្រុមម្ចាស់ផ្ទះថៃ Buriram United ក្នុងលទ្ធផល ១-០ លើទីលាននៃពហុកីឡដ្ឋាន Supachalasai Stadium ជាហេតុនាំឱ្យពួកគេទទួលបានត្រឹមតំណែងជាជើងឯករង ខណៈដែលក្រុម Buriram United  បានគ្រងតំណែងជើងឯកជាលើកទី១របស់ខ្លួន ។

សម្រាប់ឆ្នាំនេះវិញ លោកប្រាក់ សុវណ្ណារ៉ា បានថ្លែងថា បឹងកេតអង្គរហាក់មានប្រៀបលើក្រុមភ្ញៀវ​ព្រោះកីឡាករបានត្រៀមខ្លួនល្អប្រសើរជាងឆ្នាំមុន ខណៈដែលការប្រកួតក៏ត្រូវធ្វើឡើងនៅលើទឹកដីកម្ពុជាដែរនោះ ។ លោកបានបន្ថែមថា កម្លាំងចិត្តរបស់អ្នកគាំទ្រ ក៏ដូចជាការកម្តៅសាច់ដុំជាប្រចាំបានធ្វើឱ្យកូនក្រុមរបស់លោកអាចសម្របខ្លួន និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានអន្តរជាតិដ៏សំខាន់មួយនេះ ។ ប៉ុន្តែលោកបានទទួលស្គាល់ថា បញ្ហាប្រឈមចំពោះមុខ សម្រាប់ការត្រៀមខ្លួននាពេលកន្លងមកគឺសមាជិករបស់បឹងកេតអង្គរមួយចំនួនដូចជា ចាន់ វឌ្ឍនាកា, សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី និង ស៊ូ យ៉ាទី ជាដើមបានជាប់បំពេញភារកិច្ចជាមួយជម្រើសជាតិ ឬត្រូវញុំាញីដោយរបួស ជាហេតុធ្វើឱ្យសមាជិកក្រុមទាំងអស់មិនបានហ្វឹកហាត់ជុំគ្នានោះទេ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ