អ្នកចាត់ការថ្មីក្រុមវេស្ទើន ប្ដេជ្ញាបង្កើតប្រវត្តិសាស្ដ្រក្នុងពិភពបាល់ទាត់ខ្មែរនារដូវកាលថ្មី

ភ្នំពេញ៖ លោក ប៊ួយ ម៉េងហុង ដែលទើបទទួលបានតំណែងជាអ្នកចាត់ការទូទៅក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ បានអះអាងថា សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខនេះ ក្រុមរបស់ខ្លួននឹងបង្កើតប្រវត្តិសាស្ដ្រថ្មីមួយឲ្យបាន ដើម្បីផ្លាស់ប្ដូរមុខមាត់ថ្មីរបស់ក្លឹប និងឆ្លើយតបទៅនឹងសន្ទុះអ្នកគាំទ្ររបស់ខ្លួនផងដែរ ។


ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុមវេស្ទើនភ្នំពេញ បានយកឈ្នះក្រុម University Technology MARA(UiTM) របស់ម៉ាឡេសុីដោយលទ្ធផល ២-០ នៅក្នុងជំនួបមិត្តភាពលើទឹកដីរបស់ខ្លួនកាលពីល្ងាចមិញ ។ លោកបានលើកឡើងថា៖ «តាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំ ក្លឹបវេស្ទើនភ្នំពេញចាប់ផ្តើមលេខមុខមាត់ថ្មី ជាមួយនឹងសក្តានុពលកីឡាករវ័យក្មេង និងកីឡាករបរទេសមានគុណភាណខ្ពស់។ ខ្ញុំរំពឹងថា រដូវកាល២០១៧ខាងមុខ ក្លឹបនិងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពិភពបាល់ទាត់ខ្មែរ» ។

គួរបញ្ជាក់ថា កាលពីរដូវកាលឆ្នាំ២០១៦នេះ ក្នុងចំណោម ១០ក្រុមចូលរួមប្រកួតលីគកំពូលកម្ពុជា ក្រុមវេស្ទើនភ្នំពេញ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨ ដែលជាចំណាត់ថ្នាក់រួចផុតពីការកាត់ទៅលេងលីគលំដាប់ទី២(លក្ខខណ្ឌ) ជាមួយនឹងលទ្ធផល ២ជើងស្មើនឹង ១៨ប្រកួតឈ្នះ២ ស្មើ៥ និងចាញ់១១ រកបាន ១១ពិន្ទុ ។ ដូច្នេះចាំមើល តើរដូវកាលថ្មីខាងមុខនេះ លោក ប៊ួយ ម៉េងហុង នឹងធ្វើឲ្យក្លឹបលំដាប់បាតតារាងមួយនេះ មានការប្រែប្រួលយ៉ាងណា? វេស្ទើនបច្ចុប្បន្នដឹកនាំដោយគ្រូបង្វឹកលោក ស៊ុម វណ្ណា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ