ក្រុម Lanexang United មកដល់កម្ពុជាយប់មិញ ទាំងមានទំនុកចិត្តទម្លាក់បឹងកេតពី TMCC-2016

ភ្នំពេញ៖ ក្រុម Lanexang United របស់ឡាវ បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៨ ខែធ្នូនេះ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះបឋម ដើម្បីត្រៀមជួបក្រុមបឹងកេតអង្គររបស់កម្ពុជា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016(TMCC) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ចុងសប្ដាហ៍នេះ ដែលនឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
ជាមួយដំណើរមកកាន់ប្រទេសកម្ពុជានេះ គ្រូបង្វឹករបស់ក្រុម Lanexang United លោក Leonardo Vitorino ហាក់មានទំនុកចិត្តខ្ពស់ នៅក្នុងការយកឈ្នះក្រុមបឹងកេតអង្គរ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ។ មុនឡើងយន្ដហោះមកកម្ពុជាគ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បាននិយាយថា ទោះបីកូនក្រុមខ្ញុំធ្វើមិនសូវបានល្អក្នុងជំនួបចុងក្រោយជាមួយក្រុមមីយ៉ាន់ម៉ាក៏ពិតមែន ប៉ុន្ដែខ្ញុំជឿជាក់ថា យើងអាចទម្លាក់បឹងកេតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីឡើងទៅជួបក្រុម Buriram United របស់ថៃ នៅវគ្គផ្ដាច់ព្រ័ត្របាន» ។
គួរបញ្ជាក់ថា មុនឡើងមកជួបក្រុមបឹងកេតរបស់កម្ពុជាចុងសប្ដាហ៍នេះ ក្រុម Lanexang United បានឆ្លងកាត់ ២ប្រកួតនៅវគ្គជម្រុះបឋម ដោយបានយកឈ្នះក្រុម Da Nang របស់វៀតណាម ២-១ និងបន្ដប្រកួតស្មើក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា Yadanarbon ដោយលទ្ធផល ៣-៣ ដើម្បីទទួលបាន ៤ពិន្ទុឈរកំពូលតារាង ។ ប៉ុន្ដែបញ្ចប់ដោយលទ្ធផលស្មើគ្នាជាមួយក្រុម Yadanarbon ហាក់ធ្វើឲ្យលោក Leonardo Vitorino មិនសប្បាយចិត្តនោះទេ ព្រោះលោកយល់ថា កូនក្រុមខ្លួននៅមានចំណុចខ្វះខាត ។ តែជួបបឹងកេតវិញ លោកនឹងមិនធ្វេសប្រហែសឡើយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ