គ្រូធំ Lanexang United : «ខ្ញុំជឿថាយើងអាចផ្តួលក្រុមបឹងកេតបាន ហើយក៏អាចបំបាក់ Buriram នៅវគ្គផ្តាច់ព្រ័ត្រទៀតផង!»

ភ្នំពេញ៖ បន្ទាប់ពីបានទទួលសិទ្ធិឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Toyota Mekong Club Championship 2016​  ក្រោយពីស្មើក្រុមមីយ៉ាន់ម៉ា Yadanarbon កាលពីយប់មិញរួចមក គ្រូបង្គោលក្រុមឡាវ Lanexang United បានបង្ហាញនូវជំនឿចិត្តថាកូនក្រុមរបស់លោកនឹងធ្វើបានយ៉ាងល្អក្នុងការប្រកួតបន្ទាប់ជាពិសេសនឹងអាចផ្តួលគូប្រជែងបានដោយគ្មានបញ្ហាឡើយ ។


លោក Leonardo Vitorino បានលើកឡើងថា៖ « ខ្ញុំមានអារម្មណ៍ថាខកចិត្តបន្តិច ព្រោះខ្ញុំគិតថាកូនក្រុមរបស់ខ្ញុំអាចលេងបានល្អជាងនេះ! ខ្ញុំមើលឃើញថាពួកគេលេងបានតែ ៧០ ភាគរយប៉ុណ្ណោះ វាខុសពីអ្វីដែលយើងបានឃើញនាពេលកន្លងមក ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្តចំពោះការបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានអន្តរជាតិដូចជា TMCC នេះ ។ »


គ្រូបង្វឹកសញ្ជាតិប្រេសុីលរូបនេះបានបន្ថែមថា៖ «ខ្ញុំគិតថាយើងមានកីឡាករវ័យក្មេងច្រើន ដូច្នេះវាងាយនឹងកើតមានកំហុស យ៉ាងណាក៏ដោយខ្ញុំជឿថាយើងអាចផ្តួលក្រុមបឹងកេតអង្គរដែលតំណាងឱ្យប្រទេសកម្ពុជាបាន ហើយយើងក៏អាចបំបាក់ Buriram នៅវគ្គផ្តាច់ព្រ័ត្រថែមទៀតផង!» ។

សូមបញ្ជាក់ថា ក្រុមទាំងពីរនេះនឹងត្រូវជួបគ្នានា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៦:០០​នាទី​ល្ងាច​នៅ​​ពហុ​កីឡដ្ឋាន​ជាតិដើម្បីសម្រេចវាសនាឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត ៕

អត្ថបទ៖ មករា

លោកអ្នកអាចតាមដានការប្រកួតតាមរយៈ Toyota Mekong Club Championship

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ