ណាហ្គានាំយកអតីតកីឡាករជម្រើសជាតិ U-19 ជប៉ុនមកចូលរួមសម្រាប់រដូវកាលថ្មី២០១៧

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបណាហ្គាវើលបាន​ឱ្យដឹងថា ក្លិបបាល់ទាត់មួយនេះបានសម្រេចចុះកុងត្រាជាមួយខ្សែការពារសញ្ជាតិជប៉ុនវ័យ ២៤ឆ្នាំ Fujihara Kento ក្នុងរយៈពេល១ឆ្នាំនាព្រឹកនេះ ដើម្បីចូលរួមជួយក្រុមក្នុងក្របខណ្ឌលីគកំពូលកម្ពុជានៅរដូវកាលថ្មី២០១៧ ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Fujihara ធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិសាម៉ូរ៉ៃជប៉ុនក្នុងឈុត U16, U17, U18 និង U19 ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករដែលមានកម្ពស់ ១.៨០ រូបនេះក៏បានជួយឱ្យក្រុម Albirex Niigata Singapore ឈ្នះលីគកំពូលរបស់ប្រទេសសិង្ហបូរី ព្រមទាំងបានឈ្នះពានរង្វាន់ Community Shield, League Cup និង Singapore Cup ក្នុងរយៈពេល ៣ឆ្នាំដែលរួមរស់ជាមួយ Albirex Niigata Singapore ថែមទៀតផង ។

សូមបញ្ជាក់ថា ជើងឯកលីគកំពូលកម្ពុជា ២ សម័យកាលនេះបានត្រៀមខ្លួនយ៉ាងសស្រាក់ស្រាំដើម្បីឈានទៅរកការដណ្តើមតំណែងជើងឯកសារជាថ្មីនារដូវកាលឆ្នាំ២០១៧ ខាងមុខ ខណៈដែលក្លិបក៏បានបង្ហាញពីគម្រោងកសាងកីឡដ្ឋានផ្ទាល់ខ្លួននៅលើទឹកដីខេត្តកំពង់ស្ពឺផងដែរ យ៉ាងណាក៏ដោយគេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីកាលបរិច្ឆេទនៃការចាប់ផ្តើមស្ថាបនានៅឡើយទេ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ