បឹងកេតអង្គរ ត្រូវប៉ះក្រុម Lanexang United របស់ឡាវ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន TMCC-2016

ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេតអង្គររបស់កម្ពុជា បានរកឃើញគូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 (TMCC) ហើយ គឺក្រុម Lanexang United មកពីឡាវ បន្ទាប់ពីក្រុមនេះបានប្រកួតស្មើក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា Yadanarbon ដោយលទ្ធផល ៣-៣ នៅក្នុងជំនួបកាត់សេចក្ដីនៃវគ្គជម្រុះបឋម នៅកីឡដ្ឋាន Mandalarthiri នៃទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមភ្ញៀវ Lanexang United ធ្វើបានយ៉ាងល្អនៅដើមតង់ទី១ ដោយចំណាយពេលមកដល់ ១៥នាទីផង បានធ្វើការនាំមុខក្រុម Yadanarbon FC ២-០ ដែលធ្វើសម្រេចដោយកីឡាករ Manolom នៅនាទីទី១០ និងកីឡាករ Latsamy នៅនាទីទី១៣ មុននឹងកីឡាករ Yan Paing វាយបកបាន ១គ្រាប់វិញឲ្យក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅនាទីទី២១ ។ lលុះចូលតង់ទី២ ក្រុម Yadanarbon បានបន្ថែម ២គ្រាប់ទៀត ដើម្បីនាំមុខក្រុមឡាវវិញ តែគួរឲ្យស្ដាយកីឡាករ Soukaphone បានបន្ថែម ១គ្រាប់ឲ្យក្រុម Lanexang United ដើម្បីតាមស្មើក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-៣ និងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ។

លទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុម Lanexang United បន្ដឈរកំពូលតារាងដដែល ដោយមាន ៤ពិន្ទុក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១ ខណៈប្រកួតទី១ ឈ្នះក្រុម SHB Da Nang មកពីវៀតណាម ដោយលទ្ធផល ២-១ គ្រាដែលក្រុម Yadanarbon រកបាន ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើគ្នារហូត ។ ដោយហេតុនេះក្រុម Lanexang United ត្រូវត្រៀមខ្លួនប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមបឹងកេតអង្គរនៅវគ្គបន្ដ ខណៈការប្រកួតនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ។ ការប្រកួតនោះបើក្រុមណាឈ្នះ ក្រុមនោះនឹងឡើងទៅជួបក្រុមការពារតំណែងជើងឯកឆ្នាំចាស់ Buriram United របស់ថៃចំនួន ២ជើង នៅថ្ងៃទី៤ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ខាងមុខ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ