កាយសម្ព័ន្ធបញ្ចប់វគ្គបំប៉នបច្ចេកទេសរយៈពេលជិត ៣ ខែប្រកបដោយភាពជោគជ័យ

ភ្នំពេញ៖ វគ្គបំប៉នបច្ចេកទេសគ្រូបង្វឹកគ្រូបង្វឹកជំនាញ និងការអភិវឌ្ឍន៍រចនាសម្ព័ន្ធកីឡាជាតិលើប្រភេទកីឡាកាយសម្ព័ន្ធដែលបានចាប់ផ្ដើមពីថ្ងៃទី១ ខែតុលាមកនោះបានបញ្ចប់ហើយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ។ បើតាមការឲ្យដឹងពីលោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធបានឱ្យដឹងថា វគ្គនេះបានទទួលការឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងវគ្គនេះមានសិក្ខាកាមចូលរួមចំនួន ៤៣នាក់ដែលក្នុងនោះ ១០នាក់មកពីក្លិបសមាគមចំនួន ៥ ក្នុងរាជធានីភ្នំពេញគឺមន្ត្រីសហព័ន្ធ, ក្លិប៧មករាសែនជ័យ, ក្លិបសាលាបាក់ទូក, ក្លិបមួយសម្រាប់មួយ និង អង្គការមិត្តសម្លាញ់ ។ ចំណែក ៥នាក់មកពីក្លិបចំនួន ៤ នៃខេត្តកំពង់ឆ្នាំងគឺក្លិបកៀនរការ, កំពង់ក្ដារ, កំពង់ត្រឡាចលើ និង ក្លិបសាលាបឋមសិក្សាសាលាលេខ ៥ ។ រីឯ ៤នាក់មកពីក្លិបចំនួន ២របស់ខេត្តតាកែវគឺក្លិបត្រពាំងឃ្លោក និង ក្លិបឃុំខ្វាវ ។ ចំពោះខេត្តក្រចេះមាន ៤នាក់, ខេត្តកំពង់ចាម ១ នាក់ ព្រមទាំងកីឡាករ-កីឡាការិនី ១៨នាក់មកពីរាជធានីភ្នំពេញ តាកែវ ក្រចេះ និង កំពង់ឆ្នាំង ។

វគ្គបំប៉ននេះបង្រៀនដោយអ្នកជំនាញការដែលមានកម្រិតខ្ពស់ និងជាអតីតជាគ្រូបង្វឹកក្រុមកីឡាអូឡាំពិកមកពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាប្រទេសជប៉ុន (Japan Training Center) គឺលោក Yasunori Tachibana ដោយការសិក្សាត្រូវបានចែកចេញជា ២ វគ្គ គឺវគ្គទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ទី១៦ ខែតុលា និងវគ្គទី២ ចាប់ផ្ដើមពីថ្ងៃទី២២ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។ ចំពោះលទ្ធផលនៃការសិក្សានោះលោកណយ ផាណា បានឲ្យដឹងថាបានទទួលលទ្ធផលល្អ ៤០ភាគរយ និទ្ទេសល្អបង្គួរ ៤០ភាគរយ និងមធ្យម២០ភាគរយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ