សល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទចាប់ផ្ដើមហើយ!

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ គឺនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទដែលរៀបចំឡើងដើម្បីអបអរទិវា៧មករានោះនឹងចាប់ផ្ដើមប្រកួតជាផ្លូវការហើយនៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ ​។ ការប្រកួត​កីឡា​កងទ័ព​នេះនឹង​ប្រព្រឹត្តទៅ​រយៈពេល ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៦-៨ ខែមករា ឆ្នាំ​២០១៧ ដោយទាំង​អត្ត​ព​លិ​ក​កងទ័ព និង​អត្ត​ពលិកម​ហា​ជន​ត្រូវ​ប្រកួតប្រជែង​លើ​ពីរ​ប្រភេទ​វិញ្ញាសា​ហើយ​វិញ្ញាសា​នីមួយៗ​ត្រូវ​ប្រកួត​ជា​ក្រុម​ដោយ​ក្នុង​មួយក្រុម​មាន ​១៥​នាក់​ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុភា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​កីឡា​កងទ័ពបានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​បំណង​ធំៗ ​៤ គឺ​ដើម្បី​អបអរ​ទិវា​រំដោះជាតិ​៧​មករា​, ដើម្បី​ប្រមូល​និ​ធិ​ជួយ​សហគមន៍​អតីតយុទ្ធជន​កម្ពុជា​, ដើម្បី​បំផុស​ពី​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ​ឲ្យ​មហាជន​បាន​ស្គាល់ និង​ដើម្បី​បង្កើត​សហប្រតិបត្តិការ​រវាង​មហាជន និង​កងទ័ព ​។ លោកបន្តថា គិតតាំងពី​បង្កើតដំបូងកាលពី​ឆ្នាំ​១៩៩៦មក ឆ្នាំនេះគឺ​ជា​លើក​ទី​១ ​ហើយ​ដែល​ថ្នាក់ដឹកនាំ​បានសម្រេចយក​ទី​ធ្លាកោះ​ពេជ្រ​ដែលជា​ទីប្រជុំជន​ធ្វើជាទី​តាំង​ប្រកួត ខណៈដែលកាលពីមុនគឺតែងតែ​ធ្វើឡើង​នៅ​សាលា​នាយ​ទា​ហាន​សកម្ម​ត្មាត​ពង​ក្នុងខេត្តកំពង់ស្ពឺ​។​


​ក្រៅពី​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទក៏មាន​ការតាំងពិព័រណ៍​ផលិតផល​កម្ពុជា និង​កងទ័ព​ផងដែរ ជាពិសេស​មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​ដែល​បម្រើ​ឲ្យ​កងទ័ព​ដូចជា​រថយន្ត និង​រថពាសដែក​ថែម​ទៀតផង​។ ​ជាមួយគ្នានេះក៏មាន​ការប្រគុំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បីៗជាច្រើនដូចជា លោកព្រាប សុវត្ថិ និង​ក្រុម​កំ​ប្លែក​នាយ ពែ​ក មី ផងដែរ​។ លើសពីនេះ​មានការ​សម្តែង​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​របស់​កងយោធពល​ពិសេស​ថែម​ទៀតផង​។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះមានវិញ្ញាសា​រត់​កុម្ម៉ង់ដូ​ចម្ងាយ​ ៤​គីឡូម៉ែត្រ, សែង​ហ្វ្រ​ង់​កា​ចម្ងាយ ​១,៥​គីឡូម៉ែត្រ​ទម្ងន់​៥០​គីឡូក្រាម​កាត់​ឧបសគ្គ គឺ​ត្រូវបាន​គណៈកម្មកា​រដាក់​ឲ្យ​ប្រកួតប្រជែង​សម្រាប់​អត្ត​ពលិកម​ក​ពី​អង្គភាព​កងទ័ព​, ស៊ីវិល និង​មហាជន​ ។ ចំណែក​វិញ្ញាសា​រត់​កុម្មង់​ដូ​ចម្ងាយ​ ៣​គីឡូម៉ែត្រ, សែង​ហ្វ្រ​ង់​កា​១​គីឡូម៉ែត្រ​ទម្ងន់​៥០​គីឡូក្រាម​កាត់​ឧបសគ្គ គឺ​សម្រាប់​អត្ត​ពលិកម​ហា​ជន ​៕


អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ