ក្លឹបបាល់ទាត់នៅលីគកំពូលហុងកុង ស្នើសុំប្រកួតមិត្តភាពជាមួយក្លឹបថៃ Muangthong United

ហុងកុង៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ footballchannel.asia បានឱ្យដឹងថា ក្លឹបបាល់ទាត់ Kitchee FC ដែលជាសមាជិកលីគកំពូលហុងកុង (Hong Kong Premier League) បានដាក់សំណើរជាផ្លូវការដើម្បីស្នើសុំប្រកួតមិត្តភាពជាមួយក្លឹប Muangthong United ដែលជាជើងឯកនៃលីគកំពូលថៃប្រចាំឆ្នាំ២០១៦ នេះ។

យ៉ាងណាក៏ដោយ សំណើរនេះមិនទាន់ទទួលបានការឆ្លើយតបពីភាគីថៃនៅឡើយទេ ខណៈដែលក្លឹប Muangthong United ក៏នឹងត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយនឹងក្រុម Laos All Stars និងក្លឹប Sanfrecce Hiroshima ដែលជាសមាជិគលីគកំពូលជប៉ុនផងដែរនាអំឡុងខែមករា ឆ្នាំ២០១៧នោះ ។

សូមបញ្ជាក់ថា Kitchee FC គឺជាក្លឹបបាល់ទាត់ដ៏ធំមួយនៅទីក្រុងហុងកុង និងត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៣១ ដោយមានកីឡដ្ឋាន Mongkok ជាមូលដ្ឋានរបស់ខ្លួន ។ ក្លឹបមួយនេះបានបានធ្វើឱ្យគេស្គាល់កាន់តែច្រើនបន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំងៗរបស់អុីតាលីចំនួនពីរក្នុងការប្រកួតមិត្តភាពរួចមក ពោលគឺបានយកឈ្នះក្រុម AC Milan ជាមួយនឹងលទ្ធផល ២-១ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៤ ព្រមទាំងបានផ្តួលក្រុម Juventus ក្នុងលទ្ធផល ៥-៣ (តាមរយៈគ្រាប់បាល់ប៉េណាល់ទី) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៥ ផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ