ខ្សែប្រយុទ្ធ Keisuke Honda ប្រាថ្នាចង់គ្រប់គ្រងក្លឹប Siem Reap Angkor FC ដែលមានមូលដ្ឋាននៅលើទឹកដីអង្គរ

សៀមរាប៖ យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានកីឡាមួយនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Keisuke Honda បានបញ្ជាក់ឱ្យដឹងថា រូបគេមានបំណងប្រាថ្នាចង់ក្លាយជាម្ចាស់ក្លឹបបាល់ទាត់មួយដែលមានមូលដ្ឋាននៅលើទឹកដីនៃខេត្តសៀមរាប និងដែលកំពុងតែមានភាពលេចធ្លោរគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០១៦ នេះ ។


លោក Masuko Koichi ដែលជាអ្នកតំណាងរបស់កីឡាករ Keisuke Honda បានថ្លែងប្រាប់គេហទំព័រ nikkansports ថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញពីចេតនាក្នុងការក្លាយជាចំណែកមួយនៃការដឹកនាំក្លឹបបាល់ទាត់ Siem Reap Angkor FC បន្ទាប់ពីរូបគេបានបញ្ចប់គម្រោងនៅក្នុងតំបន់មជ្ឈឹមបូព៌ារួចមក ។ លោកបានបន្ថែមថា ក្រោយពីបានបំពេញទស្សនកិច្ចក្នុងខេត្តសៀមរាបកាលពីថ្ងៃទី២៤ ខែធ្នូរួចមក កីឡាករ Honda បានទំនាក់ទំនងទៅកាន់ស្ថាប័នពាក់ព័ន្ធនានាដើម្បីធ្វើការពិភាក្សាក៏ដូចជាសិក្សាអំពីនីតិវិធីផ្សេងៗដើម្បីឈានទៅរកការស្នើសុំសិទ្ធិក្លាយជាម្ចាស់លើក្លឹបបាល់ទាត់មួយនេះ ។

ប្រភពដដែលបានបន្តថា ជាមួយនឹងទស្សនវិស័យវែងឆ្ងាយរបស់ខ្លួនសមាជិកក្លឹប AC Milan ដ៏ល្បីល្បាញរូបនេះ បានប្តេជ្ញាថា​នឹងពង្រឹងក្លឹប Siem Reap Angkor FC ឱ្យក្លាយជាក្រុមឈានមុខមួយនៅក្នុងពិភពបាល់ទាត់នៃប្រទេសកម្ពុជាព្រមទាំងជាមូលដ្ឋានក្នុងការបណ្តុះបណ្តាលអនាគតកីឡាករឆ្នើមៗនាពេលអនាគតសម្រាប់ក្រុមជម្រើសជាតិ ថែមទាំងអាចក្លាយទៅជាក្រុមមួយដែលមានសមត្ថភាពអាចចូលរួមប្រកួតជាមួយបណ្តាក្លឹបនៅក្នុងលីគនៃប្រទេសជប៉ុនក្នុងព្រឹត្តិការណ៍ AFC Champions League (ACL) ទៀតផង ។

សូមបញ្ជាក់ថា ឆ្នាំ២០១៦ នេះអាចចាត់ទុកថាជាឆ្នាំដ៏ជោគជ័យមួយសម្រាប់ក្រុម Siem Reap Angkor FC ដែលមានមូលដ្ឋាននៅលើទឹកដីនៃអតីតចក្រភពខ្មែរសម័យមហានគរដោយបានទទួលនូវកិត្តិនាមជាបន្តបន្ទាប់នៅក្នុងកការប្រកួតធំៗនៅក្នុងប្រទេសរួមដែលមានដូចជា បានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានសម្តេចតេជោហ៊ុន សែន (Hun Sen Cup 2016), ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាជាតិលើកទី១ ក៏ដូចជាទើបតែបានឈ្នះចំណាត់ថ្នាក់លេខ៤ នៅក្នុងការប្រកួតបាល់ទាត់លីគទី២ ផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ