ប្រាក់រង្វាន់ជាង ១ ពាន់លានរៀលត្រូវបានផ្ដល់ជូនជ័យលាភីមេដាយកីឡាឆ្នេរខ្សាច់អាស៊ីនៅថ្ងៃនេះ

ភ្នំពេញ៖ ថ្ងៃទី២៦ ខែធ្នូនេះឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រគល់នូវទឹកប្រាក់ចំនួន ១.៣៧២.០០០.០០០រៀលដល់កីឡាករ-កីឡាការិនីកម្ពុជាដែលដណ្ដើមបានមេដាយពីការប្រកួតកីឡាអាស៊ីលើកទី ៥ (The 5st ASIAN Beach Games) នៅទីក្រុងដាណាំង ប្រទេសវៀតណាមដែលបានបញ្ចប់ទៅកាលពីពេលថ្មីៗកន្លងទៅនេះ ។


គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាលើខ្សាច់អាស៊ីនេះមានប្រទេសចំនួន ៤៣ក្នុងទ្វីបអាស៊ីចូលរួមហើយមានប្រភេទកីឡាចំនួន១៤ ដែលមាន១៧២វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត ។ ក្នុងនោះប្រទេសកម្ពុជាបានបញ្ជូនកីឡាចំនួន ៥ ប្រភេទទៅចូលរួមរួមមានប៉េតង់ វ៉ូវីណាម ល្បុក្កតោ ចំបាប់ និង កីឡាបាល់ទះលើឆ្នេរខ្សាច់ ។ ក្នុងចំណោមកីឡាទាំងនេះមាន ៣ប្រភេទកីឡាដណ្ដើមបានមេដាយគឺប៉េតង់បានមេដាយមាស ៣គ្រឿង ប្រាក់១ និង សំរិទ្ធ ៣ ។ វ៉ូវីណាមដណ្ដើមបានមេដាយមាស ២ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១ គ្រឿង ។ ល្បុក្កតោដណ្ដើមបានមេដាយមាស ១គ្រឿង ប្រាក់៤ គ្រឿង និង សំរិទ្ធ ២គ្រឿង ។ សរុបទាំង ៣ ប្រភេទកីឡាគឺមេដាយចំនួន២១គ្រឿង គឺមាស ៦គ្រឿង ប្រាក់ ៦ គ្រឿង និង សំរិទ្ធ ៩គ្រឿង ។ ចំពោះចំបាប់ និង បាល់ទះឆ្នេរខ្សាច់មិនបានឈ្នះមេដាយឡើយ ។

សម្រាប់ជ័យលាភីមេដាយមាសបានទទួលរង្វាន់ចំនួន ៤០.០០០.០០០រៀល មេដាយប្រាក់ចំនួន៣០.០០០.០០០រៀល និង មេដាយសំរិទ្ធ ចំនួន១៦.០០០.០០០រៀល ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានឲ្យដឹងថាក្នុងចំណោមប្រទេសចំនួន៤៣ ដែលចូលរួមនោះចំណាត់ថ្នាក់មេដាយកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់ទី ៥ ហើយកាលពីឆ្នាំ២០១៤ ធ្វើនៅភូកេត ប្រទេសថៃនោះកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធតែ១ គ្រឿងប៉ុណ្ណោះលើប្រភេទកីឡាចំបាប់ដោយកាលនោះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៣៦ ឯណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ