គីរីវង់លើកពានលីគលំដាប់ទី២ អមដោយប្រាក់រង្វាន់ ២០លានរៀល

ភ្នំពេញ៖ លីគបាល់ទាត់លំដាប់ទី២ លើកដំបូងរបស់កម្ពុជា បានបញ្ចប់ជាស្ថាពរហើយ នៅយប់ថ្ងៃទី២៥ ខែធ្នូនេះ ដោយតំណែងជើងឯកបានទៅអតីតក្រុមសមាជិកលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ ដែលមាន ១៧ពិន្ទុស្មើគ្នាជាមួយក្រុមអគ្គិសនីកម្ពុជាដែរ ប៉ុន្ដែទទួលបានការពិន័យកាត់លឿងតិចជាង ហើយថែមទាំងទទួលបានប្រាក់រង្វាន់ ២០លានរៀលផងដែរ ។

សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រសន្សំពិន្ទុយប់មិញនេះ គឺមិនមានវត្តមានក្រុមគិរីវង់សុខសែនជ័យប្រកួតឡើយ ដោយសារអស់ការប្រកួតមុនគេ ហើយត្រូវរង់ចាំអ៊ុតលទ្ធផលគូប្រជែងដ៏សំខាន់ខ្លួន គឺក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមយុវជនក្រសួងការពារជាតិ ។ ជាលទ្ធផលក្រុមអគ្គិសនីបានយកឈ្នះដោយលទ្ធផល ៥-០ ប៉ុន្ដែជ័យជម្នះនេះ មិនអាចឲ្យអគ្គិសនីលើកពានបានឡើយ ព្រោះបាន ១៧ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ១៩គ្រាប់ស្មើគ្នាជាមួយក្រុមគិរីវង់ ប៉ុន្ដែបើគិតពីការពិន័យ ដោយសារក្រុមគិរីវង់ទទួលកាត់លឿងតិចជាង ក៏ក្លាយជាជើងឯកតែម្ដង ។

ដោយឡែកចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយក្រុមខេត្តសៀមរាប ជួបក្រុមយុវជនសាលាបាល់ទាត់ជាតិ គឺក្រុមវ័យក្មេងបណ្ដុះបណ្ដាលដោយសហព័ន្ធ នៅខេត្តតាកែវនេះ បានយកឈ្នះ ២-១ ដូច្នេះយុវជនសាលាបាល់ទាត់ជាតិបាទី ក៏មាន ១៥ពិន្ទុសមល្មមនឹងទទួលបានចំណាត់ថ្នាក់លេខ៣ គ្រាដែលក្រុមជើងឯកកីឡាជាតិ លើកទី១ ខេត្តសៀមរាប បានត្រឹមចំណាត់ថ្នាក់លេខ៤ ដោយសារមាន ១៤ពិន្ទុ ក្រោយបរាជ័យក្នុងការប្រកួតចុងក្រោយខាងលើ ។

សម្រាប់ប្រាក់រង្វាន់ជ័យលាភីវិញ ក្រុមជើងឯកគិរីវង់សុខសែនជ័យ ទទួលបានពានមួយ មេដាយមាស និងប្រាក់រង្វាន់ ២០លានរៀល, ជើងឯករងអគ្គិសនីកម្ពុជា ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ១៥លានរៀល, លេខ៣ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ទទួលបានមេដាយសំរឹទ្ធ អមដោយប្រាក់រង្វាន់ ១០លានរៀល និងលេខ៣ ក្រុមខេត្តសៀមរាប ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥លានរៀលផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ