សាលាថ្នាលនិស្ស័យកីឡាសម្រាប់បណ្ដុះបណ្ដាលអត្តពលិកកម្ពុជាវ័យក្មេងលេចចេញជារូបរាងហើយ

ភ្នំពេញ៖ សាលាថ្នាលនិស្ស័យកីឡាដែលកំពុងកសាងឡើងលើផ្ទៃដីប្រមាណ ៦ហិកតានាសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅសម្រាប់បណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីវ័យក្មេងនោះបានលេចចេញជារូបរាងហើយ ។ ជាមួយគ្នានេះ កាលពីថ្ងៃទី២២ ខែធ្នូ ម្សិលមិញ ឯកឧត្តមពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញចុះទៅពិនិត្យមើលសកម្មភាពសាងសង់ និងបានសំណូមពរឲ្យក្រុមហ៊ុនផានអ៊ីម៉ិចធ្វើឲ្យបានត្រឹមត្រូវតាមបទដ្ឋានសំណង់ដែលក្នុងនោះក្រៅពីគុណភាពអគារគឺត្រូវគិតទាំងប្រព័ន្ធទឹក បណ្ដាញអគ្គិសនី និងប្រព័ន្ធបង្ហូរទឹកផងដែរ ដោយសាលាថ្នាលនិស្ស័យកីឡានេះមាន ២អគារដែលមួយអគារៗមានកម្ពស់ ៥ជាន់ ។

ក្នុងឱកា សនោះ ឯកឧត្តមបានទាមទារឲ្យក្រុមហ៊ុនពន្លឿនការសាងសង់អគារទី១ ឲ្យបានចប់មុនខែមីនាឆ្នាំ២០១៧ ហើយបន្ទាប់ពីនោះត្រូវរួសរាន់កសាងរបងព័ទ្ធជុំវិញដើម្បីឈានទៅបញ្ចប់ការសាងសង់អគារទី២ ទៀត ។ លោកជំទាវស៊ុយ សុផានប្រធានក្រុមហ៊ុនផានអ៊ីម៉ិចដែលជាក្រុមហ៊ុនទទួលសាងសង់បានបានទទួលយកនូវសំណូមពរនេះ ប៉ុន្តែលោកស្រីទទួលស្គាល់ថាការសាងសង់របងទំនងជាមិនអាចបញ្ចប់មុនពេលចូលឆ្នាំខ្មែរឡើយ ។

 

លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាអាគារនេះក្នុងមួយជាន់ៗមាន ១៦បន្ទប់សរុបទាំង ២អាគារមាន ១៦០បន្ទប់ដែលមួយបន្ទប់ដាក់ឲ្យកីឡាករ ឬ កីឡាការិនី ៤នាក់ស្នាក់នៅ ។ កីឡាករ-កីឡាការិនីជាថ្នាលទាំងអស់នឹងមកស្នាក់នៅទីនេះដើម្បីហ្វឹកហាត់ និង បំប៉ននៅទីនេះហើយក្រសួងអប់រំយុវជន និងកីឡានឹងរកសាលារៀនឲ្យពួកគេរៀននៅក្បែរៗនេះតែម្ដង ។ លោកបានបន្តថាទីនេះនឹងក្លាយជាកន្លែងពង្រឹងសមត្ថភាពអត្តពលិកក្មេងៗសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ SEA Games ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ