គ្រូបឹងកេត៖ ទោះ ចាន់ វឌ្ឍនាកា អាចលេងបានក៏គ្មានឱកាសជាប់ជម្រើសដំបូងដែរ!

ភ្នំពេញ៖ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានបង្ហើបឲ្យដឹងថា មកទល់ពេលនេះកីឡាករឆ្នើមៗ មួយចំនួនមិនទាន់ជាពីរបួសនោះទេ ពិសេសគឺកីឡាករ ចាន់ វឌ្ឍនាកា តែម្ដង ដែលមិនទាន់អាចហាត់បាននៅឡើយ ។ លោកថា «ចំពោះការប្រកួតពានរង្វាន់ TOYOTA Mekong Club Championship 2016 នាចុងខែនេះ វឌ្ឍនាកា ក៏មិនច្បាស់បានចូលលេងដែរ តែបើសិនគេបានចូល ក៏គ្មានឱកាសជាប់ជម្រើស ១១នាក់ដំបូងដែរ អាចលេងក្នុងករណីមានបាល់ប៉េណាល់ទីចុងម៉ោងប៉ុណ្ណោះ» ។

ការលើកឡើងបែបនេះ គឺស្របពេលក្រុមបឹងកេតអង្គររបស់កម្ពុជា កំពុងអង្គុយលើកៅអីវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong Club Championship 2016 ដោយរង់ចាំក្រុមលេខ១ ឡើងមកពីវគ្គជម្រុះ ដើម្បីប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ពោលគឺនៅសល់រយៈពេលតែ ១១ថ្ងៃទៀតប៉ុណ្ណោះ ។

គ្រូបង្វឹកវ័យជាង ៤០ឆ្នាំខាងលើ បានបន្ដថា បច្ចុប្បន្នក្រៅពី ចាន់ វឌ្ឍនាកា នៅមានកីឡាករបរទេស ២រូបទៀត កំពុងមានរបួស គឺមានខ្សែប្រយុទ្ធនីហ្សេនីយ៉ា Samuel Gbenga Ajayi និងកីឡាករជនជាតិជប៉ុន Tomoki ប៉ុន្ដែពួកគេបានហ្វឹកហាត់កម្លាំងក្រៅទីលានជាបណ្ដើរៗហើយ នៅឡើយតែ វឌ្ឍនាកា ដែលស្ថានភាពរបួសប្រេះឆ្អឹងជំនីខាងស្ដាំ ហាក់ធ្ងន់ជាងគេ មិនអាចហ្វឹកហាត់បាន សូម្បីតែរត់ធម្មតានៅឡើយ ។

ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើមលោកនឹងធ្វើតេស្ដសមត្ថភាពអ្នកទាំង ៣ម្ដងទៀត ដើម្បីសម្រេចលើកចុងក្រោយ តែភាគរយខ្ពស់ Gbenga និង Tomoki អាចជួយក្រុមបាន ។ រីឯខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ ចាន់ វឌ្ឍនាកា ជាបណ្ដោះអាសន្នស្ថានភាពរបួសគេពេលនេះ គឺនៅហាសិបៗនៅឡើយ តែបើមានការប្រែប្រួល ឬគេអាចចូលលេងបាន ដាច់ខាតគេមិនអាចជាប់ជម្រើសដំបូងនោះទេ ព្រោះអំឡុងពេលរបួសការហ្វឹកហាត់របស់គេមិនបានគ្រប់គ្រាន់ ។ ការបញ្ជាក់បន្ថែមរបស់លោក ប្រាក់ សុវណ្ណារ៉ា ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ