កុំភ្លេចណា! តារាបាល់ទាត់អន្ដរជាតិ Keisuke Honda មកកម្ពុជាដើមសប្ដាហ៍ក្រោយនេះហើយ!

ភ្នំពេញ៖ តាមគម្រោងតារាបាល់ទាត់លំដាប់ពិភពលោក Keisuke Honda នឹងមកដល់កម្ពុជានាដើមសប្ដាហ៍ក្រោយនេះហើយ ពោលគឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកម្មវិធី Keisuke Honda’s SOLTILO Global Soccer CAMP លើកទី១ ដែលជាកម្មវិធីបង្ហាញបច្ចេកទេសលេងបាល់ទាត់ដល់ក្មេងៗសិស្សសាលាប្រមាណជាង ១០០នាក់ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

យោងតាមការឲ្យដឹងពីលោក Seki Yohei តំណាងក្រុមហ៊ុន Honda ESTILO ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ខាងលើ បានឲ្យដឹងថា គោលបំណងនៃការមកកាន់កម្ពុជារបស់ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមសាំម៉ូរ៉ៃជប៉ុន Keisuke Honda លើកនេះ គឺដើម្បីបង្ហាត់បង្ហាញពីបច្ចេកទេស និងមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ដល់ក្មេងៗកម្ពុជាប្រមាណជាង ១០០នាក់ ខណៈការចុះឈ្មោះចូលរួម គឺមិនតម្រូវឲ្យមានការបង់ប្រាក់អ្វីឡើយ ។

លោក Seki Yohei បានឲ្យដឹងទៀតថា ខ្សែប្រយុទ្ធកំពុងប្រកបអា  ជីពនៅក្លឹប AC-Milan រូបនេះ នឹងចំណាយពេល ២ម៉ោងពីម៉ោង២ ដល់ម៉ោង ៤រសៀល នាថ្ងៃទី២៦ ខែធ្នូនេះ ដើម្បីបង្ហាញឲ្យក្មេងបានយល់ដឹងពីបច្ចេកទេសលេងបាល់ទាត់ ។ បន្ទាប់មក Keisuke Honda នឹងធ្វើសន្និសីទសារព័ត៌មានរយៈពេល ១ម៉ោងក្រោយចប់កម្មវិធី ដើម្បីបង្ហាញពីចក្ខុវិស័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាផងដែរ ។

សម្រាប់គម្រោងមកកាន់ប្រទេសកម្ពុជានេះ គឺជាលើកទី៣ ដែលលោក Keisuke Honda មកក្នុងនាមចែករំលែកបទពិសោធន៍ ខណៈកាលពីចុងខែមិថុនាកន្លងទៅ កីឡាករជប៉ុនរូបនេះ បានមកសិក្សាពីគម្រោងបើកសាលាបណ្ដុះបណ្ដាលនៅកម្ពុជា ហើយបច្ចុប្បន្នសាលានោះ ក៏បានបើកដំណើរការជាផ្លូវការផងដែរ ដោយដាក់ឈ្មោះ SOLTILO FAMILIA Soccer School ដែលចាប់ផ្ដើមដោយមានទីតាំង ២កន្លែង គឺទីលាន Rooy 7 និងទីលាន 3G នៅក្នុងរាជធានីភ្នំពេញ ខណៈម្ដងទៀត មកក្នុងនាមជាកីឡាករជម្រើសជាតិជប៉ុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ