បុរសខ្លាំងដែលដឹកនាំអាហ្សង់ទីនកាល World Cup 2014 អាចនឹងក្លាយជាគ្រូបង្គោលថ្មីរបស់ជម្រើសជាតិថៃ!

បាងកក៖ យោងតាមការចុះផ្សាយរបស់គេហទំព័រកីឡា siamsport បានឱ្យដឹងថា ខណៈដែលលោក Kiatisuk Senamuang ត្រូវបញ្ចប់កិច្ចសន្យាក្នុងការដឹកនាំក្រុមជម្រើសជាតិថៃទៅហើយនោះ សមាគមបាល់ទាត់នៃប្រទេសនេះមិនទាន់បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយគ្រូបង្វឹកដែលទើបតែបានដឹកនាំក្រុមដំរីសឹកថៃលើកពាន AFF Suzuki Cup 2016 នៅឡើយទេ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពព័ត៌មានមួយចំនួនបានលើកឡើងថា តំណែងនេះអាចនឹងត្រូវជំនួសដោយគ្រូបង្វឹកជើងចាស់ណាមួយដែលមានប្រភពមកពីបរទេសវិញម្តង ។

ក្នុងនោះប្រភពខាងលើបានបញ្ជាក់ថាលោក Alejandro Javier Sabella អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងតែមានភាគរយខ្ពស់ជាងគេក្នុងការកាន់តំណែងនេះ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកីឡាបាល់ទាត់នៅក្នុងប្រទេសថៃនោះ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ទទួលបានការប្រកាសជាផ្លូវការណាមួយអំពីព៌ត៌មាននេះឡើយ ខណៈដែលលោក Kiatisuk Senamuang ផ្ទាល់ក៏មិនទាន់ទទួលបានការជូនដំណឹងអំពីការបន្តកុងត្រាសារជាថ្មីនៅឡើយដែរ ។

សូមបញ្ជាក់ថា លោក Alejandro Javier Sabella គឺជាអតីតខ្សែបម្រើក្នុងក្រុមជម្រើជាតិអាហ្សង់ទីនកាលពីអំឡុងឆ្នាំ១៩៨៣-៨៤ និងបានចាប់អាជីពជាកីឡាករបាល់ទាត់តាំងតែពីឆ្នាំ១៩៧៤ មកម្ល៉េះ ។ ក្រោយពេលចូលនិវត្តន៍លោកបានចូលដឹកនាំក្រុមមួយចំនួនប្រទេសអង់គ្លេស អីុតាលី និងប្រេសុីល មុននឹងត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីននាឆ្នាំ២០១៤ និងជាអ្នកដឹកនាំក្រុមខ្លាំងមួយនេះក្នុងជំនួបជាមួយក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ដ៏ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FIFA World Cup 2014 ប៉ុន្តែលោកបានសម្រេចចិត្តលាលែងពីតំណែងវិញបន្ទាប់បរាជ័យក្នុងការប្រកួតនេះរួចមក ។ គួររំលឹកដែរថា គ្រូបង្វឹកវ័យ ៦២ឆ្នាំនេះហើយដែលជាអ្នកតែងតាំងកីឡាករ Lionel Messi​ ឱ្យឡើងធ្វើជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននោះ ។

ការផ្លាស់ប្តូរនេះទំនងជាអាចកើតឡើងពិតមែន ព្រោះថាក្រុមជម្រើសជាតិថៃកំពុងតែផ្តោតលើការអភិវឌ្ឍន៍សមត្ថភាពឱ្យឈានដល់កម្រិតអាសុី ឬកម្រិតសកល បន្ទាប់ពីក្រុមខ្លាំងមួយនេះបាននាំមុខគេរួចជាស្រេចហើយនៅក្នុងតំបន់អាសុីអាគ្នេយ៍ ។ មួយវិញទៀត បើទោះបីជាលោក Kiatisuk Senamuang ដណ្តើមបាននូវភាពជោគជ័យជាច្រើនក៏ពិតមែន ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់នៅឡើយសម្រាប់ក្រុមដែលពោរពេញដោយមហិច្ឆតានេះ ជាក់ស្តែងក្នុងការប្រកួតវគ្គជម្រុះ World Cup 2018 ក្នុងតំបន់អាសុីនាពេលកន្លងមក ក្រុមជម្រើសជាតិថៃមិនទទួលបានលទ្ធផលល្អនោះឡើយ ពោលគឺរងបរាជ័យ ៤ លើកជាប់ៗគ្នាមុននឹងស្មើជាមួយក្រុមអូស្ត្រាលី និងត្រូវបានចាត់ទុកថា ជាការខកចិត្ដ៏ធំមួយ ឬជាការទទួលបរាជ័យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងអំឡុងនៃការដឹកនាំរបស់គ្រូបង្វឹក Kiatisuk Senamuang ដែលទើបតែទទួលបានការវាយតម្លៃថាជាគ្រូបង្វឹកល្អជាងគេប្រចំាតំបន់អាស៊ាននោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ