ព្រឹត្តិការណ៍ប្រកួតវាយសីដណ្ដើមពានរង្វាន់​ ២ ធ្នូ លើកទី ៥ នៅក្រុងព្រះសីហនុ បញ្ចប់ដោយជោគជ័យ

ព្រះសីហនុ៖ ព្រឹត្តិការណ៍​វាយសី​ដណ្តើមពានរង្វាន់ ២ ធ្នូ លើកទី ៥ គឺជាប្រកួតប្រចាំឆ្នាំ​ដើម្បី​រំឭក​ពីប្រវត្តិ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិកម្ពុជា (ដែលបាន​ចាប់កំណើត​ឡើង​តាំងពី​ឆ្នាំ១៩៧៨)  មកនោះបានបញ្ចប់ហើយកាលពីចុងសប្ដាហ៍មុននេះនៅខេត្ត​ព្រះសីហនុ។ ឆ្នាំនេះមានការចូលរួមពី​កីឡាករ-កីឡាការិនី​មកពី​ខេត្ត​កំពង់ចាម សៀមរាប តាកែវ កណ្តាល កំពត កោះកុង ម្ចាស់ផ្ទះ​ខេត្ត​សីហនុ និង​មកពី​ខេត្តបី​របស់​វៀតណាម រួមមាន​ខេត្ត​កាន់ធ័រ ខេត្ត​ហូយ៉ាង និងក្រុង​ហូជីមិញ ផងដែរ។

ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ និងជា​ប្រធាន​គណៈកម្មការ​រៀបចំ​ប្រកួត លោកជា ប៊ុនហេង បានឲ្យ​ដឹងថា៖ «តាមពិត​ពានរង្វាន់​វាយសី​នេះ​ទើប​តែបាន​បង្កើតឡើង​រយៈពេល ៥ ឆ្នាំប៉ុណ្ណោះ ពីព្រោះ​ពីដំបូងយើងមាន​ពានរង្វាន់​វាយសី​ឈ្មោះថា ៧ មករា ដែល​ផ្តើមគំនិត​ដោយ​លោកឃឹម បូ អតីត​អភិបាលរង​ខេត្តកណ្តាល »។

លោកបន្តថា ព្រឹត្តិការណ៍នេះមាន​អ្នកដាក់ពាក្យ​ចូលរួម​ប្រកួត​ចំនួន​ជាង ១០០ នាក់ ហើយ​ប្រាក់រង្វាន់​សម្រាប់​អ្នកឈ្នះ​ចំណាត់ថ្នាក់​លេខ១ ទទួលបាន​ប្រាក់ ១ លានរៀល លេខ២ បាន ៦០ ម៉ឺនរៀល លេខ៣ និងលេខ៣ ស្ទួន ទទួលបាន​ចំនួន ៤០ ម៉ឺន​ដូចគ្នា ហើយ​អ្នកឈ្នះ​ចំណាត់ថ្នាក់​ទាំងអស់នឹង​ទទួលបាន​សម្ភារ​កីឡា​វាយសី និង​សម្លៀកបំពាក់​ដូចៗគ្នាក្រោម​ការឧបត្ថម្ភ​ពីសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយការប្រកួតមានរយៈពេល២ ថ្ងៃគឺ​ទី១៧ និងទី១៨ ខែធ្នូកន្លងទៅនេះ នៅ​ទីលាន​វាយសី​ជាប់​សាលាខេត្ត​ព្រះសីហនុ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ