ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៤ នឹងចាប់ផ្ដើមរសៀលនេះនៅពហុកីឡដ្ឋានជាតិ

ភ្នំពេញ៖ នារសៀលម៉ោង ២ ថ្ងៃទី២០ ខែធ្នូនេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League រដូវកាលទី៤ ឆ្នាំ២០១៦ ជាផ្លូវការដែលមានការចូលរួមពីក្រុមចំនួន ៦០ មកពីទូទាំងប្រទេស ។

លោក ស សុខា អនុប្រធានស.ស.យ.ក និងជាប្រធានគណៈកម្មការប្រតិបត្តិ Soccer League បានឱ្យដឹងថា ការប្រកួតនេះមានត្រូវចែកជា ១២ពូល ដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ក្នុងនោះក្រុមដែលដណ្តើមបានជើងឯកប្រចាំរដូវកាល និងទទួលបានពានរង្វាន់ចំនួន១ នឹងប្រាក់រង្វាន់ចំនួន១២លានរៀលផងដែរ។

លោក ស សុខា បង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍បាល់ទាត់មិនអាជីពនេះនឹងមានកម្រិតប្រកួតប្រជែងកាន់តែស្រួចស្រាវខ្លាំងជាងឆ្នាំកន្លងទៅ ដោយសារមានចូលរួមច្រើនជាងមុនដោយលោកបានលើកឡើងថា ក្រុមចូលរួមទាំងអស់បានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតនេះហើយលោកបានប៉ាន់ប្រមាណថាក្រុមនីមួយៗត្រូវចំណាយថវិកាជាច្រើនដើម្បីពង្រឹងក្រុមរបស់ខ្លួនចាប់តាំងការហ្វឹកហាត់ត្រៀមរហូតដល់ចប់ការប្រកួតតែម្តង ។

លោកប្រធានគណៈកម្មការប្រតិបត្តិរូបនេះ ក៏បានរំលឹកដល់ក្រុមកីឡាករ បុគ្គលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមទាំងអស់ឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងស្មារតីកីឡា ដោយគោរពគោលការណ៍ Fair Play ជានិច្ចហើយរាល់ការប្រព្រឹត្តផ្ទុយពីច្បាប់លក្ខន្តិកៈនៃការប្រកួតទាំងក្នុង និងក្រៅទីលានរបស់សមាជិកនៃក្រុមនីមួយៗនឹងត្រូវប្រឈមការពិន័យពីសំណាក់គណៈកម្មការវិន័យដោយគ្មានការលើកលែងឡើយ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ