រឿង សោភ័ណ្ឌ បង្ហាញការមិនសុខចិត្តបន្ទាប់ពីបរាជ័យ!

ភ្នំពេញ៖ អ្នកប្រដាល់រឿង សោភ័ណ្ឌ បានបង្ហាញនូវភាពក្រអឺតក្រទមដោយពុំព្រមចុះពីសង្វៀនប្រកួតឡើយបន្ទាប់ពីរូបគេទទួលបរាជ័យក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃ Keng Kat ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូនោះ ។

ជាទូទៅការប្រកួតនេះគេសង្កេតឃើញថា សោភ័ណ្ឌ ពិតជាចាញ់មែន ដោយស្ថានភាពនៃការប្រកួតគឺ សោភ័ណ្ឌ សម្រុកចូលរហូតតែចូលទៅដើម្បីទទួលជង្គង់របស់គូប្រកួតតែប៉ុណ្ណោះ ។ ពេលខ្លះ រូបគេវាយបានមួយដៃហើយជួនកាលវ៉ៃខុសផងនោះ ប៉ុន្តែត្រូវកីឡាករថៃសងមកវិញ ២-៣ជង្គង់ឯណោះ ។ បន្ទាប់ពីលទ្ធផលប្រកាសឲ្យចាញ់រួចមក សោភ័ណ្ឌ នៅឡាំប៉ាមិនទទួលស្គាល់ការពិតឡើយ ជាមួយគ្នានេះគេមិនព្រមចុះពីសង្វៀនប្រដាល់ទៀតផង ទោះបីលោកអាជ្ញាកណ្ដាលយឹម សុខុម ប្រាប់ឲ្យចុះពីសង្វៀនក៏ដោយក៏គេនៅតែដើរលើកដៃដើរលើសង្វៀនធ្វើមើលតែការប្រកួតនេះគ្មានចៅក្រមជាអ្នកផ្ដល់ពិន្ទុឲ្យយ៉ាងដូច្នោះដែរ ។

បន្ទាប់មកគេក៏សុខចិត្តចុះពីសង្វៀនប្រដាល់ក្រោយពីទទួលការស្ដីបន្ទោសពីលោករាជ សុផែន ដែលជាប្រធានគណៈវិនិច្ឆ័យឲ្យហ៊ានទទួលការពិតពីការបរាជ័យរបស់ខ្លួន ។ លោកសុផែនបន្ទោសថាបែបនេះមិនមែនជាចរិតកីឡាករទេព្រោះទាល់តែគេឈ្នះទើបល្អ ឯពេលចាញ់សុទ្ធតែមិនយុត្តិធម៌ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ