លីគលំដាប់ទី២៖ គិរីវង់ ចាំអ៊ុតតំណែងជើងឯកក្រោយលត់ ខេត្តព្រះសីហនុ ៦-១

ភ្នំពេញ៖ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ បានឡើងឈរកំពូលតារាពិន្ទុនៃលីគលំដាប់ទី២ Cambodian League-II 2016 ជាបណ្ដោះអាសន្នហើយ ក្រោយយកឈ្នះក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយលទ្ធផល ៦១ នៃជំនួបសន្សំពិន្ទុប្រចាំសប្ដាហ៍ទី៨ ប៉ុន្ដែទោះជាបែបនេះក្ដី ក្រុមគិរីវង់សុខសែនជ័យ នៅមិនទាន់មានសង្ឃឹម ១០០% អាចគ្រងជើងឯកនោះទេ ពោលគឺត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់គូប្រជែងខ្លួនសិន ពិសេសគឺជំនួបជាមួយក្រុមអគ្គិសនីកម្ពុជា (EDC) តែម្ដង ។

ជារួមមកទល់ពេលនេះ មានតែក្រុមគិរីវង់សុខសែនជ័យមួយគត់ ដែលបានបញ្ចប់ការប្រកួតជាស្ថាពរ ហើយត្រូវចាំមើលការប្រកួតចុងក្រោយរបស់គូប្រជែង ដែលមានពិន្ទុប្រកៀកប្រកិតគ្នា ។ បច្ចុប្បន្នអតីតក្លឹបសមា​ជិក​​លី​គកំពូលកម្ពុជានេះ កំពុងឈរកំពូលតារាង និងមាន ១៧ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួតឈ្នះ៥ ស្មើ២ និងចាញ់១ ហើយតាមពីក្រោយដោយក្រុម EDC និងក្រុមខេត្តសៀមរាប ដែលមាន ១៤ពិន្ទុដូចគ្នា ប៉ុន្ដែក្រុមទាំងពីរនេះ សុទ្ធតែនៅសល់ ១ប្រកួតក្នុងដៃ ។

ដោយឡែកលទ្ធផលការប្រកួតម្សិលមិញ ៣គូផ្សេងទៀត រួមមានក្រុមយុវជនក្រសួងការពារជាតិ បានស្គាល់ជ័យជម្នះលើកដំបូងលើក្រុមខេត្ដកំពង់ស្ពឺ ដោយលទ្ធផល ៣០ ខណៈក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានយកឈ្នះក្រុមខេត្តកំពង់ឆ្នាំង ២១ ។ រីឯក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង បានប្រកួតស្មើក្រុមខេត្តសៀមរាប ដោយលទ្ធផល ២២ ។ ប៉ុន្ដែក្រុមនីមួយៗ លើកលែងតែក្រុមគិរីវង់  គឺនៅសល់មួយប្រកួតក្នុងដៃដូចគ្នា ។


ចំពោះកម្មវិធីប្រកួតសប្ដាហ៍ចុងក្រោយ គឺក្រុមខេត្តកំពង់ឆ្នាំង ប៉ះក្រុមខេត្តកំពង់ស្ពឺ នៅពហុកីឡដ្ឋានស្ដាតចាស់, ក្រុមខេត្តស្វាយរៀង ជួបក្រុមខេត្តព្រះសីហនុ នៅកីឡដ្ឋាន RSN, ក្រុមយុវជនក្រសួងការពារជាតិ ប៉ះក្រុម​អគ្គិសនីកម្ពុជា ខណៈក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជួបក្រុមខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិដូចគ្នា ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ