AFF Suzuki Cup៖ ឥណ្ឌូនេស៊ី វាយបកឈ្នះថៃ ២-១ ក្នុង​វគ្គផ្ដាច់ព្រ័ត្រយប់មិញ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បានបង្កភាពភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តជាខ្លាំង សម្រាប់ការវាយបកយកឈ្នះក្រុមការពារតំណែងជើងឯកថៃ ដោយលទ្ធផល ២-១ ស្ទើរមិនគួរឲ្យជឿនៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2016 ជើងទី១ លើទឹកដីរបស់ខ្លួនកាលពីយប់មិញ ។


ប្រកួត ៤៥នាទីដំបូងក្រុមដំរីសឹកថៃ បានព្យាយាមដាក់សម្ពាធលើក្រុមឥណ្ឌូនេស៊ី រហូតមានឱកាសស៊ុតបា​ល់​នាំមុខ ១-០ ត្រឹមនាទីទី៣២ ដោយកីឡាករ Teerasil ទៀតផង ។ ប៉ុន្ដែក្រោយមកលោក Alfred Riedl គ្រូ​បង្វឹកក្រុមឥណ្ឌូនេស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ធ្វើឲ្យថៃមិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះបានឡើយ ផ្ទុយទៅវិញកីឡាករ Rizky បានជួយក្រុមឥណ្ឌូនេស៊ីតាមស្មើ ១-១ វិញនៅនាទីទី៦៥ ។​

ប៉ុន្មាននាទីក្រោយមកទើបកីឡាករ Hansamu បន្ថែមបាន ១គ្រាប់ទៀតឲ្យក្រុមឥណ្ឌូនេស៊ី យកឈ្នះថៃ ២-១ តែម្ដង ។ ប៉ុន្ដែទោះជាបែបនេះ ក្រុមឥណ្ឌូនេស៊ី នៅមិនទាន់មានសង្ឃឹម ១០០% អាចគ្រងជើងឯកពានប្រចាំតំបន់នេះឡើយ ដោយសារត្រូវឆ្លងកាត់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ។ ម្យ៉ាងវិញទៀត ឥណ្ឌូនេស៊ី ក៏ធ្លាប់ចាញ់ថៃ ៤-២ នៅក្នុងជំនួបសន្សំពិន្ទុតាមពូលនាពេលថ្មីៗកន្លងទៅផងដែរ ៕

អត្ថបទ៖ បុត្រា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ