ភ្នំពេញក្រោន ណាត់ណាហ្គា កម្ដៅសាច់ដុំជាថ្មីរសៀលនេះ មុនចេញទៅចិនខានស្អែក

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំជាថ្មីជាមួយក្រុមណាហ្គាវើល នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី១៤ ខែធ្នូនេះ នៅកីឡដ្ឋាន RSN ដើម្បីពង្រឹងសមត្ថភាពបន្ថែម មុននឹងចេញទៅប្រកួតពាន China-Asean Cities Invitation Tournament (CACF) នៅខេត្តណានជីង ប្រទេសចិន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ។

កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រុមទាំងពីរបានណាត់គ្នាប្រកួតកម្ដៅសាច់ដុំម្ដងមកហើយ ដោយលទ្ធផលក្រុមណាហ្គាវើល ទទួលបានជ័យជម្នះក្នុងលទ្ធផល ១-០ ។ ប៉ុន្ដែទោះជាយ៉ាងណាការប្រកួតរវាងក្រុមទាំងពីរ នៅតែជាជំនួបគួរឲ្យចាប់អារម្មណ៍មួយ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ដោយមិនមានការលក់សំបុត្រអ្វីឡើយ ។

គួរបញ្ជាក់ថា ការប្រកួតរសៀលនេះ គឺជាការប្រកួតចុងក្រោយរបស់ក្រុមភ្នំពេញក្រោន ខណៈក្រុមតំណាងកម្ពុជានេះ ត្រូវចេញទៅចិននៅថ្ងៃទី១៦ ខែធ្នូខានស្អែក ដើម្បីចូលរួមប្រកួតពាន CACF ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតផ្លូវការ ពីថ្ងៃទី១៨ ខែធ្នូចុងសប្ដាហ៍នេះតទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ