តិចអត់ដឹង! សំបុត្រទស្សនា Cambodia All Stars ប៉ះ Morocco All Stars ដាក់លក់ហើយ!

ភ្នំពេញ៖ សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិរវាងក្រុមម្ចាស់ផ្ទះ Cambodia All Stars និងក្រុម Morocco All Stars ដើម្បីអបអរទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ារ៉ុក នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ចុងសប្ដាហ៍នេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់ជាផ្លូវការហើយ ពោលគឺកាលពីថ្ងៃអាទិត្យកន្លងទៅរហូតដល់ថ្ងៃប្រកួតតែម្ដង ។

ចំពោះតម្លៃវិញ គឺរក្សានៅ ២ប្រភេទដដែល ពោលគឺកន្លែងអង្គុយមានកៅអីក្រោមដំបូលមានតម្លៃ ១០,០០០រៀល ខណៈកន្លែងអង្គុយធម្មតាមានតម្លៃ ៥,០០០រៀលប៉ុណ្ណោះ ។ យ៉ាងណាមិញនេះ គឺជាលើកទី៤ ហើយ ដែលកម្ពុជាបង្កើតឲ្យមានក្រុម Cambodia All Stars ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតលក្ខណៈអន្ដរជាតិ ហើយការរៀបចំ ២ លើកកន្លងទៅ គឺមានអ្នកចូលទស្សនាមិនក្រោម ៣ម៉ឺននាក់ឡើយ ។
គួរបញ្ជាក់ថា ក្រុម Cambodia All Stars ទើបតែបានប្រមូលផ្ដុំកីឡាករហ្វឹកហាត់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិ ។ មុនការប្រកួតផ្លូវមកដល់ Cambodia All Stars ត្រូវឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំ ២ប្រកួត ប៉ុន្ដែមួយប្រកួតបានបញ្ចប់ហើយ ដោយបានយកឈ្នះក្រុម African All Stars ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍មុន ។ រីឯប្រកួតទី២ គឺអាចជួបក្រុមភ្នំពេញក្រោន ឬក្រុម Cambodian Tiger ក្នុងពេលឆាប់ៗនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ