បើកឆាកភ្លាម លោក ទេព ឡុងរចនា ដឹកនាំ Cam-All Stars លត់ African All Stars ២-១ ម្សិលមិញ

ភ្នំពេញ៖ ថ្វីត្បិតពុំទាន់មានការហ្វឹកហាត់ជុំគ្នាសូម្បីតែម្ដង ប៉ុន្ដែលោក ទេព ឡុងរចនា បានដឹកនាំកីឡាករមកពីក្លឹបចម្រុះនៃក្រុម Cambodia All Stars យកឈ្នះក្រុម African All Stars ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ ហើយក៏ជាការប្រកួតដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិនេះផងដែរ ។


លោក ទេព ឡុងរចនា បានលើកឡើងថា ក្រុម Cambodia All Stars គឺជាក្រុមប្រមូលផ្ដុំដោយកីឡាករឆ្នើមៗប្រចាំលីគកំពូលកម្ពុជាដូច្នេះការលេងច្របាច់បញ្ចូលគ្នា ងាយនឹងលេងត្រូវគ្នា ទោះបីចាប់ផ្ដើមដំបូងមានបញ្ហា​ក៏ដោយ ។ លោកពន្យល់ថា ទម្រង់លេងល្អគឺអាស្រ័យលើការមើលឃើញពីចំណុចខ្វះខាតតំបន់ណាមួយជាមុន ទើបអាចបំពេញបន្ថែម ដើម្បីលេងត្រូវគ្នា ។

ហេតុនេះហើយទើបលោកណាត់ក្រុម African All Stars ប្រកួតមិត្តភាពសិន បន្ទាប់មកធ្វើការហ្វឹកហាត់និងរៀបចំទម្រង់លេងជាក្រោយ ។ គួរបញ្ជាក់ថា ការបង្កើតក្រុម Cambodia All Stars ជាថ្មី ដែលដឹកនាំដោយលោក ទេព ឡុងរចនា នាពេលនេះគឺដើម្បីត្រៀមប្រកួតលក្ខណៈមិត្ដភាពអន្ដរជាតិជាមួយក្រុម Morocco All Stars នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីអបអរខួបលើកទី២០ នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ។

ប៉ុន្ដែមុនការប្រកួតផ្លូវការមកដល់លោកឡុងរចនា ក៏ត្រៀមប្រកួតជាមួយក្លឹបក្រុមស្រុកមួយប្រកួតទៀតដើម្បីបង្កើនកម្រិតបច្ចេកទេស និងសមត្ថភាពកីឡាករផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ