កុំភ្លេច! ភ្នំពេញក្រោន ប៉ះការពារជាតិម៉ោង ៣៖៣០នាទីរសៀលនេះ​ ចូលទស្សនាដោយសេរី

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបើកកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមក្រសួងការពារជាតិ នាវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងជំនួបលក្ខណៈមិត្តភាពកម្ដៅសាច់ដុំខណៈអ្នកគាំទ្រអាចចូលទស្សនាបានដោយសេរី មិនមានការលក់សំបុត្រឡើយ ។

នេះជាការប្រកួតដ៏ពិសេសមួយ ដោយសារក្រុមទាំងពីរសុទ្ធតែមានធនធានកីឡាករល្អៗរៀងខ្លួនដើម្បីត្រៀមធ្វើសង្គ្រាមលើវាលស្មៅក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី នាដើមឆ្នាំ២០១៧ខាងមុខ ។ កាលពីរដូវកាលមុន ជួបគ្នា ២ជើងគឺក្រុមទាំងពីរឈ្នះទៅវិញទៅមក ពោលគឺជើងទី១ ក្រសួងការពារជាតិ ចាញ់ក្នុងទឹកដី ២-១ តែជើងទី២ ម្ចាស់ផ្ទះភ្នំពេញក្រោនចាញ់វិញដោយលទ្ធផល ១-០ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំរបស់ក្រុមភ្នំពេញក្រោន ដើម្បីបង្កើនបច្ចេកទេសត្រៀមចេញទៅប្រកួតពានអន្ដរជាតិ China-Asean Cities Invitation Tournament (CACF) នៅខេត្តណានជីង ប្រទេសចិន ដែលគ្រោងនឹងចាប់ផ្ដើមផ្លូវការនាថ្ងៃទី១៨ ខែធ្នូខាងមុខ ។ ប៉ុន្ដែមុនចេញដំណើរទៅចិន តាមគម្រោងច្បាស់ការ ភ្នំពេញក្រោន ត្រូវជួបក្រុមណាហ្គាវើល មួយប្រកួតទៀត នៅថ្ងៃទី១៤ខែធ្នូដើមសប្ដាហ៍ក្រោយ ។

ចំពោះកម្មវិធីប្រកួតពាន CACF នៅចិន នៅមិនទាន់ដឹងថា ភ្នំពេញក្រោន ចេញដំណើរនាពេលណានោះទេប៉ុន្ដែកម្មវិធីប្រកួតនឹងចាប់ផ្ដើមផ្លូវការនៅថ្ងៃទី១៨ ខែធ្នូនេះ ដោយប្រកួតបើកឆាកក្រុមតំណាងកម្ពុជានេះ ត្រូវជួបក្រុមម្ចាស់ផ្ទះ Guangxi Longguida បន្ទាប់មកភ្នំពេញក្រោន បន្ដជួបក្រុម Army United នៅថ្ងៃទី២០ ខែធ្នូ និងប្រកួតចុងក្រោយភ្នំពេញក្រោន ប៉ះក្រុម Nam Dinh នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ