AFF Suzuki Cup៖ ថៃ លត់ មីយ៉ាន់ម៉ា ៤-០ ឡើងជួបឥណ្ឌូនេស៊ីជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ទីបំផុតក្រុមការពារតំណែងជើងឯកថៃ និងអតីតក្រុមជើងឯករង ៤ជំនាន់ឥណ្ឌូនេស៊ី មានឱកាសជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2016 នាដើមសប្ដាហ៍ក្រោយ បន្ទាប់ពីក្រុមដំរីសឹកថៃបានបន្ដយកឈ្នះក្រុមជម្រសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ៤-០ នៃការប្រកួតវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ លើទឹកដីថៃកាលពីយប់មិញ ។

សម្រាប់ជំនួបរវាងក្រុមជើងឯក ៤ជំនាន់ថៃ និងក្រុមមីយ៉ាន់ម៉ា ជាលទ្ធផលជួបគ្នា ២ជើងក្រុមមីយ៉ាន់ម៉ា មិនអាចរកគ្រាប់បាល់បានសូម្បីតែ ១គ្រាប់ឡើយ ផ្ទុយទៅវិញត្រូវថៃ ទម្លុះសំណាញ់ទីមិនឲ្យតៃដល់ទៅ ៦-០ ឯណោះ ។

ចំពោះគ្រាប់បាល់ជ័យជម្នះក្នុងទឹកដីថៃយប់មិញគឺធ្វើសម្រេចដោយកីឡាករ Sarawut, កីឡាករ Theerathon, កីឡាករ Siroch និងកីឡាករ Chanathip ។

ចំពោះរូបមន្ដប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានកម្រិតតំបន់នេះ គឺត្រូវលេង ២ជើងដែរ ពោលគឺជួបគ្នាជើងទី១ ក្រុមឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១៤ ខែធ្នូ​ និងជើងទី២ ក្រុមការពារតំណែងជើងឯកថៃ ធ្វើម្ចាស់ផ្ទះវិញម្ដង នៅថ្ងៃទី១៧ ខែធ្នូដដែល ។

ប៉ុន្ដែមុនឈានដល់វគ្គនេះក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងពូលម្ដងមកហើយ ដោយលទ្ធផលក្រុមថៃ យកឈ្នះ ៤-២ លើឥណ្ឌូនេស៊ី ។ ដូច្នេះគេចាំអ៊ុតមើល តើឥណ្ឌូនេស៊ីអាចសងសឹកថៃ ដើម្បីប្រជែងពាន AFF Suzuk Cup 2016 បានដែរឬទេ? ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ