ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយ ៣០ គ្រឿងក្នុងការប្រកួតចំបាប់អាសុីអាគ្នេយ៍

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿងលើ ៣ ប្រភេទទម្ងន់នៅក្នុងព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍អមដោយមេដាយប្រាក់ ១០ គ្រឿង និងមេដាយសំរឹទ្ធ ១៧ គ្រឿងផងដែរ ។

ជ័យលាភីមេដាយមាសផ្នែកចំបាប់សេរីវ័យក្មេងទម្ងន់ក្រោម ៥៣គីឡូក្រាមបានលើកីឡាករ ឈឿន ឈាង ដែលកំពុងហ្វឹកហាត់ក្នុងក្រុមកីឡាករថ្នាលនៅឡើយ ខណៈដែលកីឡាករ សឿន ប្រុស ក៏ដណ្ដើមបានមេដាយប្រាក់ផងដែរ ។ ចំពោះវិញ្ញាសាចំបាប់សេរីប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាមបុរស មេដាយមាសបានទៅកីឡាករវ័យក្មេងកម្ពុជា យុន ប៊ុនណា មេដាយប្រាក់បានទៅកីឡាករសិង្ហបូរី Zulqrnain Binkhidzeq និងមេដាយសំរិទ្ធបានទៅកីឡាករកម្ពុជាម៉ុល រស្មី ។ ចំណែកឯចំបាប់សេរីបុរសទម្ងន់ក្រោម ៩៧គីឡូក្រាមមេដាយមាសបានទៅកីឡាករកម្ពុជាឌន សៅ ដែលនេះជាមេដាយ ៣ សម័យកាលរបស់គេហើយសម្រាប់ព្រឹត្តិការណ៍នេះ ។

ជាមួយគ្នានេះដែរ កីឡាករ កីឡាការិនីជាច្រើនរូបទៀតដូចជាទ្រី សុថាវី, នី សំណាង, សឿន នឿន, វ៉ាន់ ហូយ, ហេង វុទ្ធី, ឆាំ ពិស៊ីន, យឹម ដារ៉ា, ងួន មករា, ជុន ធួន, រស់ ផល្លី ជាដើមក៏ទទួលបានមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសាផ្សេងៗទៀតផងដែរ ។ សូមបញ្ជាក់ថា ការ​ប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន ​៦ ដូចជា​កម្ពុជា​ វៀតណាម ថៃ​ ឡាវ ម៉ាឡេស៊ី សិង្ហបុរី ដែល​ក្នុង​នោះ​មាន​កីឡាករ​ចូលរួម​សរុប​ចំនួន​ ៧៨នាក់​ (នារី១៩នាក់) ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ