ឥណ្ឌូនេសុី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup ជាលើកទី៥ ខណៈថៃ រំពឹងឈ្នះមីយ៉ាន់ម៉ាល្ងាចនេះ

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេសុីដែលបានយកឈ្នះលើក្រុមជម្រើសជាតិវៀតណាមទាំងពីរជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផលសរុប ៤-៣ បានបង្កើតនូវប្រវត្តិសាស្ត្រជាលើកទី៥ ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFF Suzuki Cup ខណៈដែលក្រុមជើងខ្លាំងនៅក្នុងតំបន់អាស៊ាននេះមិនធ្លាប់បានឈ្នះតំណែងជើងឯកម្តងណាឡើយ ប៉ុន្តែធ្លាប់ឈ្នះជើងឯករងចំនួន ៤ លើករួចមកហើយកាលពីឆ្នាំ២០០០, ២០០២, ២០០៤ និង ២០១០ កន្លងទៅ ។

ជាមួយគ្នានេះដែរ ក្រុមជើងឯក ៤ សម័យកាលដំរីសឹកថៃ ក៏កំពុងតែមានក្តីរំពឹងខ្ពស់ក្នុងការឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រជាបន្តទៀតបន្ទាប់ពីបានយកឈ្នះលើក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ២-០ កាលពីជើងទី១ រួចមក ។ យ៉ាងណាក៏ដោយ លទ្ធផលនឹងដឹងច្បាស់នាល្ងាចនេះក្រោយពីការប្រកួតជើងទី២ រវាងក្រុមទាំងពីរបានបញ្ចប់នោះ ។​

គួររំលឹកថា លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមជម្រើសជាតិថៃ ធ្លាប់បានថ្លែងនៅក្នុងបទសម្ភាសន៍នៅអាកាសយានដ្ឋានក្រុងយ៉ង់ហ្គោនថា៖ «ជាការពិតណាស់ ក្រុមជម្រើសជាតិថៃគ្មានជម្រើសផ្សេងទៀតនោះទេ ពោលគឺយើងត្រូវតែឈ្នះជើងឯកក្នុងឆ្នាំនេះ វាជាគោលដៅតែមួយគត់របស់យើង! »។ យ៉ាងណាក៏ដោយអតីតខ្សែប្រយុទ្ធរូបនេះបានលើកឡើងដែរថា៖ «ខ្ញុុំគិតថា មីយ៉ានម៉ា គឺជាក្រុមដ៏ល្អមួយ ពិសេសពួកគេមានកីឡាករក្មេងៗមកពីក្របខណ្ឌ U-20 ដែលសុទ្ធតែមានសមត្ថភាព និងការតស៊ូខ្ពស់ ព្រមទាំងមានទម្រង់លេងប្រកបដោយប្រសិទ្ធភាព ដូច្នេះវាពិតជាការប្រកួតមួយដ៏លំបាកសម្រាប់ក្រុមរបស់យើង ។»

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ