BTV Cup៖ ពូលA ម្ចាស់ផ្ទះវៀតណាមធ្លាក់ទាំងអស់ តែបឹងកេត ចាញ់ស្ពឹកមុខម្សិលមិញ

ភ្នំពេញ៖ សម្រាប់ពូលA នៃការប្រកួតពានរង្វាន់អន្ដរជាតិ BTV Cup 2016 នៅវៀតណាមបានបញ្ចប់ហើយ ដោយក្រុមម្ចាស់ផ្ទះ ២ក្រុមបានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល រួមមានអតីតក្រុមជើងឯកលីគកំពូលវៀតណាម Becamex Binh Duong និងក្រុម Than Quang Ninh ខណៈក្រុមបឹងកេតអង្គរ និងក្រុមជម្រើសសាកលវិទ្យាល័យសាធារណៈរដ្ឋកូរ៉េ (KUFC) ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្ដែមុនឡើងវគ្គបន្ដក្រុមតំណាងកម្ពុជា បឹងកេត បានចាញ់យ៉ាងចាស់ដៃក្នុងការប្រកួតបញ្ចប់ពូលជាមួយក្រុម Than Quang Ninh ម្សិលមិញ ។


ចំពោះការប្រកួតចុងក្រោយម្សិលមិញ ក្រុមបឹងកេតអង្គរ មិនអាចបំប៉ោងសំណាញ់ទីក្រុម Than Quang Ninh ដូចប្រកួតមុនៗឡើយ ។ ផ្ទុយទៅវិញ ត្រូវបានក្រុមចំណាត់លេខ៤ នៃលីគកំពូលវៀតណាមនេះ លត់ក្នុងលទ្ធផល ៤-០ ទៀតផង ។ ការប្រកួតនេះគេឃើញលោក ប្រាក់ សុវណ្ណារ៉ា បានដាក់កីឡាករថ្មីៗច្រើនឲ្យលេង ដែលជាហេតុននាំឲ្យកីឡាករក្រុមម្ចាស់ទឹកដីមានឱកាសយកឈ្នះច្រើនគ្រាប់បែបនេះ តែយ៉ាងណាក៏បឹងកេត មិនបានខ្ទាតចេញពីកំពូលតារាងដែរ ដោយរក្សាតំណែងកំពូលតារាង និងមាន ៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ ។

ដោយឡែកការប្រកួតចុងក្រោយរវាងក្រុម KUFC និងក្រុម Becamex Binh Duong បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ដែលធ្វើឲ្យក្រុមទាំងពីរមាន ៤ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ស្មើ១ និងចាញ់១ ។ ប៉ុន្ដែដោយគិតតាមរូបមន្ដ Hat To Hat ក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយបឹងកេត បានទៅក្រុម KUFC ព្រោះក្រុមនេះការពារមិនឲ្យរបូតគ្រាប់បាល់ច្រើន ។ ហេតុនេះបឹងកេត និង KUFC ត្រូវប្រកួតខ្វែងពូលជាមួយក្រុមលេខ១ និងលេខ២ ពូលB ដែលនឹងបញ្ចប់ការប្រកួតល្ងាចនេះ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ