ថោង ខុន៖ វិស័យកីឡា និង ទេសចរណ៍រីកចម្រើនបានត្រូវពឹងផ្អែកលើកត្តាធំៗ ៤ ចំណុច

ភ្នំពេញ៖ ក្នុងអំឡុង២ឆ្នាំ ចុងក្រោយនេះ វិស័យកីឡា និងទេសចរណ៍បានដើរទៅកាន់ភាពរីកចម្រើនទន្ទឹមគ្នាហើយគ្រប់ប្រភេទកីឡាសុទ្ធតែទាក់ទងជាមួយនឹងទេសចរណ៍ ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តមបានបន្ថែមថា សន្ទុះនៃភ្ញៀវទេសចរណ៍ និងប្រភេទកីឡាដែលបានទាក់ទាញ់កំណើនដ៏ច្រើនក្នុងអំឡុង ២ឆ្នាំចុងក្រោយនេះ គឺបានកើតឡើងនៅក្នុងខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរណ៍ពិភពលោកតែម្ដង ។ ជាក់ស្ដែង ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តដែលបានធ្វើ ២១ឆ្នាំកន្លងមកហើយនោះ មានអ្នកចូលរួមកើនឡើងមិននឹកស្មានដល់  ខណៈដែលដំបូងមានតែប្រទេសចំនួន ៣ប៉ុណ្ណោះដែលមកចូលរួម ។

ជាមួយនឹងការកើនឡើងនៃជនបរទេសបែបនេះទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្កើតឲ្យមានការរត់ម៉ារ៉ាតុង ៤២,១៩៥គីឡូម៉ែត្រនៅរាល់ខែសីហា ក៏ដូចជាព្រឹត្តិការណ៍ Ultra Trail ដែលមានចម្ងាយ ១២៨គីឡូម៉ែត្រ ព្រមទាំងរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ផងដែរ ។ ជាមួយគ្នានេះក៏នៅមានព្រឹត្តិការណ៍ប្រណាំងឡានអន្តរជាតិម៉ូតឺ Cross អន្តរជាតិដែលសុទ្ធតែទាក់ទងជាមួយទេសចរណ៍ទាំងអស់ ។ ទិវាបុណ្យសមុទ្រ បុណ្យទន្លេ កីឡាហោះហើរសុទ្ធតែទាក់ទាញជនបរទេសដែលមកចូលរួមក្នុងនាមជាអត្តពលិកផង និងជាអ្នកទេសចរណ៍ផង ។

ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា ការរីកចម្រើនទាំងនេះ គឺបានមកពីការប្រើយុទ្ធសាស្រ្ដទាំង ៤ចំណុចធំៗ ដែលជាគោលដៅត្រូវតែបន្តរួមមាន៖ ការផលិតផលិតផលទេសចរណ៍, សេវាកម្ម និងស្ដង់ដា, ការផ្សព្វផ្សាយ និង​ការគ្រប់គ្រងឧស្សាហកម្មដោយ Online ។

ចំណុចទាំង៤នោះរួមមាន ទី១៖ ការផលិតផលិតផលទេសចរណ៍ គឺយើងត្រូវខិតខំអភិវឌ្ឍន៍ និងផលិតផលិតផលទេសចរណ៍ឲ្យបានច្រើនក្រោមពាក្យស្លោក «បើគ្មានផលិតផលទេសចរណ៍ គឺគ្មានការទាក់ទាញភ្ញៀវទេស​ចរណ៍នោះទេ» ។ ទី២៖ ពាក់ព័ន្ធនឹងសេវាកម្មទាំងអស់ គឺត្រូវផ្ដល់ភាពកក់ក្ដៅដល់​ភ្ញៀវទេសចរណ៍ ខណៈ​ដែលអាស៊ានបានកំណត់ទិសដៅរយៈពេល ១០ឆ្នាំ ដើម្បីប្រែក្លាយអាស៊ានឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះយើងត្រូវខិតខំធ្វើឲ្យសេវាកម្មមានស្ដង់ដារខ្ពស់បំផុត» ។ «ទី៣៖ ការផ្សព្វផ្សាយ ត្រូវមានកិច្ចសហការពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយរាល់កម្មវិធី និងតំបន់ទេសចរណ៍ ដែលមាននៅកម្ពុជា ដើម្បីធ្វើឲ្យភ្ញៀវទេសចរណ៍បានដឹង និងត្រៀមខ្លួនមកទស្សនា ឬមកលេងកម្សាន្ដរាល់គ្រប់ព្រឹត្តិការណ៍ទាំងឡាយ ដែលកើតឡើងនៅលើទឹកដីកម្ពុជា ។ ទី៤៖ ការគ្រប់គ្រងឧស្សាហកម្មដោយ Online មានន័យថា បច្ចុប្បន្នជាសម័យទំនើប និងមានការទំនាក់ទំនងងាយស្រួល ដូច្នេះការផ្សព្វផ្សាយក៏ងាយនឹងធ្វើឲ្យភ្ញៀវទេសចរណ៍ឆាប់ទទួលបានព័ត៌មានផងដែរ» ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ និង NOCC ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតព្រឹត្តិការណ៍កីឡាប្លែកៗឲ្យបានកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍​បន្ថែមទៀត ៕

អត្ថបទ៖ រត្ន័

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ