វៀតណាមប្រមូលយកមេដាយមាសទាំង ៨ គ្រឿងក្នុងការប្រកួតចំបាប់អាសុីអាគ្នេយ៍ថ្ងៃដំបូង

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៦ ខែធ្នូដែលក្នុងថ្ងៃដំបូងនោះបានបញ្ចប់ការប្រកួត ៨ប្រភេទទម្ងន់ហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រុមកីឡាករ-កីឡាការិនីវៀតណាមដណ្ដើមបានមេដាយមាសទាំង ៨ នេះតែម្តងចំណែកឯកម្ពុជាបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ខណៈថៃបានមេដាយប្រាក់ ១គ្រឿង សំរិទ្ធ ២គ្រឿង ក្រុមឡាវបានមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមម៉ាឡេស៊ីបានប្រាក់ ១គ្រឿង សំរិទ្ធ ១ គ្រឿង ។


នៅថ្ងៃដំបូងសម្រាប់បុរសគឺប្រកួតស្ទីល Greeco-Roman បានបញ្ចប់៥ ប្រភេទទម្ងន់ និងនារីដែលប្រកួតចំបាប់សេរី (Free-Style) បានបញ្ចប់ ៣ ប្រភេទទម្ងន់ ។ បុរសប្រភេទទម្ងន់ក្រោម ៥៩គីឡូក្រាមមេដាយមាសបានលើកីឡាករវៀតណាម Doi Hong Tien មេដាយប្រាក់ កីឡាករកម្ពុជាអេង ផានិត និង មេដាយសំរិទ្ធបានទៅកីឡាករថៃ Chananthon Kongvang ។ សម្រាប់ប្រភេទទម្ងន់ក្រោម៧១គីឡូក្រាមបុរសមេដាយមាស វៀតណាម Doung Hong Phuc មេដាយប្រាក់កីឡាករម៉ាឡេស៊ី Pourya Moradi និងមេដាយសំរិទ្ធកម្ពុជា ងួន មករា ។

ចំពោះទម្ងន់ក្រោម ៧៥គីឡូក្រាមបុរសមេដាយមាសកីឡាករវៀតណាម Khong Vakhoa មេដាយប្រាក់កីឡាករថៃ Nakarin Kampeera និងមេដាយសំរិទ្ធកីឡាករកម្ពុជាឆាំ ពិស៊ិន ។ ទម្ងន់ក្រោម៨០គីឡូក្រាមបុរសមេដាយមាសកីឡាករវៀតណាម Duong Dinh Hieu មេដាយប្រាក់កីឡាករកម្ពុជាហេង វុទ្ធី និងមេដាយសំរិទ្ធកីឡាករម៉ាឡេស៊ី Cheah Wenjian ។ ទម្ងន់ក្រោម៦៦គីឡូក្រាមបុរសមេដាយមាសកីឡាករវៀតណាម Hul Anh Tuan មេដាយប្រាក់កីឡាករកម្ពុជាជុន ធួន និង មេដាយសំរិទ្ធកីឡាករឡាវ Sathaphon Thammavong ។

រីឯចំបាប់សេរីនារីប្រភេទទម្ងន់ក្រោម ៤៤គីឡូក្រាមមេដាយមាសកីឡាការិនីវៀតណាម Vu Thuy Quynh មេដាយប្រាក់កីឡាការិនីកម្ពុជាវត្ថា លក្ខិណា និង មេដាយសំរិទ្ធកីឡាការិនីកម្ពុជាយុន ដានី ។ ចំបាប់សេរីនារីទម្ងន់ក្រោម ៤៨គីឡូក្រាមមេដាយមាសកីឡាការិនីវៀតណាម Pham Thaima Phoung មេដាយប្រាក់កីឡាការិនីកម្ពុជាអេង សេងលៀង និង មេដាយសំរិទ្ធកីឡាការិនីកម្ពុជាជា កញ្ញា ។ ទម្ងន់ក្រោម ៥៥គីឡូក្រាមនារីស្ទីលសេរីមេដាយមាសកីឡាការិនី Kiev Thily មេដាយប្រាក់កីឡាការិនីកម្ពុជាជ័យ ចាន់រស្មី និង មេដាយសំរិទ្ធកីឡាការិនីថៃ Rattakarn Kaewhuan Chum ។

គួរបញ្ជាក់ថាសម្រាប់ប្រភេទចំបាប់ Greeco-Roman នេះកម្ពុជាមិនសូវហាត់ទេព្រោះជាប្រភេទចំបាប់ដែលចាប់បោកពីត្រឹមចង្កេះឡើង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ