Cambodian Tiger នឹងនាំចូលកីឡាករជប៉ុនម្នាក់ទៀត ក្រោយចុះកុងត្រាកីឡាករថ្មី ១១នាក់ទៅហើយ!

ភ្នំពេញ៖ សម្រាប់ការត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ក៏ដូចជាពាន Hun Sen Cup 2017 ផងដែរនោះ ក្លឹបបាល់ទាត់ Cambodian Tiger បានធ្វើការផ្លាស់ប្ដូរកីឡាករយ៉ាងច្រើន ដោយបច្ចុប្បន្នក្លឹបបានចុះកុងត្រាជាមួយកីឡាករថ្មីៗចំនួន ១១នាក់រួចទៅហើយ ប៉ុន្ដែមិនទាន់អស់នោះឡើយទេ ពោលគឺក្លឹបត្រៀមនាំចូលកីឡាករជនជាតិជប៉ុនម្នាក់ទៀត ក្នុងពេលឆាប់ៗខាងមុខ ។

15241984_836447079825522_1604822213107246137_n
លោក ហុក សុជីវ័ន្ដ គ្រូបង្វឹកក្រុម Cambodian Tiger បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅ ក្លឹបបាននាំចូលកីឡាករបរទេស ៤រូប និងបានចុះកុងត្រាព្រមៗគ្នាផងដែរ គឺមានកីឡាករនីហ្សេរីយ៉ា Ayomakinwa Samuel និង Alade Kabiru Abdul ដែលទើបផ្លាស់ពីស្រុកកំណើត មកលេងកម្ពុជាលើកទី១, កីឡាករ Okereke Timothy chiemerie អតីតសមាជិកក្លឹបស៊ីម៉ាក់ និងកីឡាករជប៉ុន MASA ដែលទើបចាកចេញពីក្រុមណាហ្គាវើល ។

15355980_941857295946224_1738639928_n

ថ្លែងឲ្យដឹងក្នុងឱកាសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាអង្គរកាលពីចុងសប្ដាហ៍កន្លងទៅ ប្អូនប្រុសអតីតគ្រូជម្រើសជាតិលោក ហុក វិចិត្រា រូបនេះ បានបញ្ជាក់ថា ការនាំចូលកីឡាករត្រៀមរដូវកាលថ្មី មិនទាន់បញ្ចប់នោះទេ ពោលគឺក្លឹបត្រៀមចុះកុងត្រាជាមួយកីឡាករជប៉ុនម្នាក់ទៀត ដែលគេនឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខ ។ តែយ៉ាងណាលោកបានសុំលាក់សមាសភាពសមាជិកថ្មីម្នាក់នោះសិន ប៉ុន្ដែលោកបង្ហើបថា សមត្ថភាពរបស់គេក៏មិនចាញ់កីឡាករបរទេសខ្លួនទើបនាំចូលដែរ ។

15403115_941857285946225_1029192056_n

ចំពោះកីឡាករបានចុះកុងត្រាជាមួយក្លឹប Cambodian Tiger រួចរាល់ ក្រៅពីកីឡាករបរទេស ៤រូបខាងលើ រួមមានអតីតកីឡាករណាហ្គាវើល មាគ ឆដារ៉ាវុទ្ធ, ចិន វណ្ណៈ និងអ្នកចាំទី ផន រតនា, កីឡាករ ហុង មករា មកពីក្លឹបស៊ីម៉ាក់, កីឡាករ ភាក់ រ៉ាឌី និង ពៅ ភារិទ្ធ មកពីក្លឹបក្រសួងការពារជាតិ និងកីឡាករ អ៊ុំ កុម្ភៈ មកពីក្លឹបបឹងកេតអង្គរ និងខ្សែការពារ ឆេង សៀងហុង ដែលជាកីឡាករថ្មីមិនធ្លាប់លេងក្លឹបអាជីពពីមុនមក ៕

15357020_941857319279555_1560862890_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ