ព័ត៌មានពីការចូលរួមរបស់ Ronaldinho ជាមួយក្លឹប Chapecoense សុទ្ធតែជារឿងមិនពិត!

ប្រេសុីល៖ ប៉ុន្មានថ្ងៃមកនេះមានពាក្យចចាមអារ៉ាមជាច្រើននៅជុំវិញពិភពលោកអំពីការចូលរួមរបស់កីឡាករ Ronaldinho ជាមួយក្លឹប Chapecoense ដែលទើបតែបានជួបសោកនាដកម្មបាត់បង់កីឡាករ និងថ្នាក់ដឹកនាំក្លឹបជាច្រើនរូបនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងប្រទេសកូឡុំប៊ីនោះ ។ ពាក្យចាចាមអារ៉ាមទាំងនេះក៏ត្រូវបានយកមកចុះផ្សាយនៅលើបណ្តាញសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ ។

ronaldinho-wallpaper1

យ៉ាងណាក៏ដោយ សារព័ត៌មានប្រេសុីល Globoesporte បានចេញមុខស្រាយបំភ្លឺបញ្ហានេះតាមរយៈបទសំភាសន៍ជាមួយលោក Roberto de Assis Moreira (Roberto Assis ) ដែលជាបងប្រុសរបស់ Ronaldinho និងជាអ្នកគ្រប់គ្រងព្រមទាំងជាភ្នាក់ងារទំនាក់ទំនងទីផ្សាររបស់កីឡាកររូបនេះផងដែរ ។ លោក Assis បានបញ្ជាក់ថា ក្រៅពីការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខកីឡាករចំពោះគ្រួសារជនរងគ្រោះ កីឡាករ Ronaldinho មិនទាន់ធ្វើការសម្រេចចិត្តបែបណាមួយអំពីការចូលរួមជាមួយក្លឹប Chapecoense នោះទេ ។ លោកបានបន្ថែមថា អតីតខ្សែបម្រើក្លឹប Barcelona រូបនេះក៏មិនទាន់ទទួលបានសំណើរ ឬការទំនាក់ទំនងជាផ្លូវការណាមួយពីក្លឹប Chapecoense នោះដែរ ក្រៅតែពីការចុះផ្សាយរបស់សារព័ត៌មាននោះ ហើយប្រសិនបើមានសំណើរមែន Ronaldinho នឹងពិនិត្យមើលលទ្ធភាពនៃការចូលរួមនេះថាក្នុងលក្ខណៈជាមនុស្សធម៌ឬបែបណា?

cy1htvdw8aeeizf

រូបភាពកាលពីឆ្នាំ២០០៨ ដែលនាំឱ្យមានការយល់ច្រឡំថាកីឡាករ Ronaldinho ចូលរួមជាមួយក្លឹប Chapecoense

លោក Roberto Assis ក៏បានច្រានចោលផងដែរអំពីរូបភាពមួយចំនួនដែលអាចនាំឱ្យមានការយល់ច្រឡំកាន់តែខ្លាំងឡើងៗនៅក្នុងចំណោមហាជនពាក់ព័ន្ធនឹងបញ្ហានេះ ជាពិសេសគេបានឃើញគណនី Twitter ខ្លះបានបង្ហោះរូបកីឡាករ Ronaldinho កាន់អាវពណ៌បៃតងក្នុងដៃដែលមានសណ្ឋានដូចជាអាវរបស់ក្លឹប Chapecoense ដែរ និងបានសរសេរម្ចាស់ពាន Ballon d’Or រូបនេះបានចូលរួមជាមួយក្លឹប Chapecoense ជាផ្លូវការហើយ ដែលនេះគឺជារឿងមិនពិតសោះឡើយ ព្រោះថារូបភាពនេះត្រូវបានថតតាំងតែអំឡុងឆ្នាំ២០០៨ មកម្ល៉េះ ដូច្នេះមានន័យថាការផ្សព្វផ្សាយទាំងនោះគឺសុទ្ធតែជាព័ត៌មានមិនពិត និងត្រូវបានធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនតែប៉ុណ្ណោះ ៕

អត្ថបទ៖ មករា

 

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ