“ទាត់បាល់កម្សាន្ត” កម្មវិធីកីឡាដើម្បីសុខភាព និងពង្រឹងការយល់ដឹងរបស់កុមារ

កម្មវិធីកីឡាដើម្បីសុខភាព

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​បង្កើតឱ្យមានកម្មវិធី​បាល់ទាត់​កម្សាន្ត​សម្រាប់​កុមារ​ដែល​ទំនេរ​ពី​ការ​សិក្សាដើម្បី​ឱ្យ​ពួក​គេ​កាន់តែ​មាន​ភាព​វ័យឆ្លាត ក្លាហាន​លើ​វិស័យ​កីឡា ក៏​ដូច​ជា​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ផ្សេង​ៗ​ទៀត ដើម្បី​បញ្ចៀស​កុមារ​មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ក្នុង​សង្គម និង​សេពគប់​មិត្តភក្តិ​មិនល្អ​ជាដើម។ ទាត់​បាល់​កម្សាន្ត គឺជា​សកម្មភាព​កីឡា​មួយ​បែប​ដែល​កុមា​រា​-​កុមារី​គ្រប់​រូប​អាច​ចូលរួម​លេង​កម្សាន្ត​នៅ​រៀង​រាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយជា​ពិសេស​គឺ​ទទួល​បាននូវ​សុខភាព​មាំមួន និង​ចំណេះដឹង​ថ្មី​ៗ​ពី​ការ​លេង​កីឡាបាល់ទាត់​។ ក្នុងនោះ​មាតា​​បិតាគ្រប់ៗរូបក៏​​អាច​នាំ​បុត្រ​ធីតា​មក​ចុះ​ឈ្មោះ​ចូលរួម​ដើម្បី​ទទួល​បាន​នូវ​ការ​ណែនាំ និង​មានឱកាស​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​គ្រូបង្វឹកដែល​មានបទពិសោធន៍ និង​មាន​ជំនាញ​ច្បាស់លាស់​ផង​ដែរ។

លោក ​កាំ​ង សុធា អ្នកសម្របសម្រួល​សេវាកម្ម «​ទាត់​បាល់​កម្សាន្ត​» នេះបាន​ថ្លែង​ឱ្យ​ដឹង​ថា៖ «ទាត់​បាល់​កម្សាន្ត គឺជា​សកម្មភាព​កីឡា​មួយ​បែប​ដែល​ផ្តោត​សំខាន់​ឱ្យ​កុមា​រា​ កុមារី​មានឱកាស​ចូលរួម និង​បញ្ជ្រាប​ចំណេះដឹង​ទាំង​ទ្រឹស្តី​កីឡាក៏​ដូច​ជា​បច្ចេកទេស​កីឡាបាល់ទាត់​ឱ្យ​ពួក​គេ​បាន​យល់​ដឹងជា​ពិសេស​គឺ​បង្ហាត់បង្រៀន​កុមារ​ឱ្យ​មាន​ភាព​ក្លាហាន​អង់អាច​តែ​ម្តង។ សេវាកម្ម​នេះ​នឹង​បង្ក​ភាព​សប្បាយ​រីករាយ​ជា​ច្រើន​ជូន​ដល់​កុមា​រា​ កុមារី​ដែល​បាន​ចូលរួម ប៉ុន្តែ​មិន​ផ្តោត​សំខាន់​លើ​ការ​លេង​ជា​លក្ខណៈ​អាជីព​ពេក​នោះ​ទេ ពោល​គឺ​គ្រាន់តែ​ជា​សកម្មភាព​លេង​កីឡាបាល់ទាត់ដើម្បី​សប្បាយ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ដែល​ជា​ថ្ងៃ​បុត្រ​ធីតា​របស់​លោក​អ្នកមាន​ពេល​ជួបជុំ​ជាមួយ​កុមារ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ទៀត​។» លោកបានបន្ថែមទៀតថា៖ «គោលបំណង​នៃ​ការ​បង្កើត​សេវាកម្ម មួយនេះថាគឺ​ដើម្បី​បណ្តុះ​កុមារ​ឱ្យ​មានចិត្ត​ស្រឡាញ់ និង​ចូល​ចិត្ត​កីឡា​ អប់រំ​កាយ ដែលបានរួមចំណែកធ្វើឱ្យ មានការរីកចម្រើនផ្នែកប្រាជ្ញា​ស្មារតី​ ព្រមទាំងដើម្បីបញ្ជ្រាប​ចំណេះដឹង​បច្ចេកទេស​លេង​បាល់ទាត់ (​បណ្តើរ​បាល់ ទាត់ ទប់ ជាដើមដល់ពួកគេ។»

សម្រាប់​ទីលាន​ហ្វឹកហាត់​លេង​មាន​ ៣ ​​សំខាន់​ៗដោយទី​១ គឺ​ក្លិប​បាល់ទាត់ Imperia ដែលស្ថិត​នៅ​តាម​បណ្តោយផ្លូវ​ម៉ៃ​ដា (​ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​) ហើយទី​២ ​គឺក្លិប​បាល់ទាត់ KB ដែលស្ថិត​នៅ​ខាងត្បូង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ទី​៣ គឺក្លិប​បាល់ទាត់​ទួល​ទំពូង។ កម្មវិធី​នេះ​ចាប់ផ្តើម​ឡើងកាលពីថ្ងៃ​ទី​១៧ ខែមក​រា ឆ្នាំ​២០១៥ តទៅនារៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ចាប់ពីម៉ោង​៦ ​ល្ងាចរហូត​ដល់ ម៉ោង​៧​យប់ ដោយមានតម្លៃ​ ២៥​ដុល្លារ​ក្នុង ​១​ខែ (៨​ម៉ោង​) និង​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ម៉ោង​ ៩​ព្រឹក​ដល់​ ១០​ព្រឹក ដែលមានតម្លៃ​ ២០​ដុល្លារ​ក្នុង​ ១​ខែ (៨​ម៉ោង​)។ ចំពោះ​កុមារដែល​អាច​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ​បានគឺត្រូវ​មាន​អាយុ​ចាប់ពី ​៧​ឆ្នាំ​ដល់ ​១៥​ឆ្នាំ ។ ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​បាន​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ដែលមានអាសយដ្ឋានស្ថិតនៅអគារ​លេខ​១ ផ្លូវ​សាធារណរដ្ឋ​ប៉ូ​ឡូញ (​ខាងត្បូង​រង្វង់​មូល​វត្ត​សំពៅ​មាស​) សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ឬ​តាម​រយៈ​ទូរស័ព្ទលេខ ០១២ ៨៧១ ៣០៥ ឬ ០៩៨ ២១៥ ៧៨០ ៕

 

អត្ថបទ៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ