Sky Land គ្រោងចំណាយដល់ទៅ ១០ម៉ឺនដុល្លារដើម្បីរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនៅខែក្រោយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំមួយដែលគ្រោងចំណាយទឹកប្រាក់អស់ប្រមាណជាង ១០ម៉ឺនដុល្លារនោះនឹងចាប់ផ្ដើមប្រកួតជាផ្លូវការនាថ្ងៃទី១៥-១៦-១៧ ខែធ្នូខាងមុខនេះនៅតំបន់អភិវឌ្ឍន៍ Sky Land ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខណៈជើងឯកផ្នែកកីឡាជិះសេះមានប្រាក់រង្វាន់រហូតដល់ទៅ ១៥,០០០ដុល្លារ ដែលជាប្រាក់រង្វាន់ដ៏ច្រើនពុំធ្លាប់មានពីមុនមកឡើយ ។

img_4843k

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Star Group ដែលមានក្រុម Sky Land ជាបុត្រសម្ព័ន្ធបានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ប្រកួតនេះ មានកម្មវិធីកីឡាជាច្រើនរួមមានការប្រកួតកីឡាប្រណាំងទូកម៉ាស៊ីន ប្រណាំងម៉ូតូហោះ ប្រណាំងរថយន្ដ និងការប្រកួតកីឡាប្រណាំងសេះជាដើម ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺប្រាក់រង្វាន់សម្រាប់កីឡាករជ័យលាភី ក្នុងនោះជើងឯកកីឡាជិះសេះទទួលបាន ១៥,០០០ដុល្លារច្រើនជាងគេ ខណៈកីឡាប្រណាំងម៉ូតូហោះជើងឯកលេខ១ ទទួលបានរង្វាន់ម៉ូតូ ១គ្រឿងមានតម្លៃជាង ១ម៉ឺនដុល្លារ រួមទាំងប្រាក់រង្វាន់ជាច្រើនទៀត ។»

15027406_1084999248283194_6082776164534891199_n

លោកបានបន្តថា៖ «មុននឹងឈានដល់ការប្រកួតដំណាច់ឆ្នាំ ឬជុំផ្ដាច់ព្រ័ត្រនេះ ក្រុមហ៊ុនលោកបានរៀបចំការប្រកួតប្រចាំខែរយៈពេល ១១ខែមកហើយ ពោលគឺចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៦មកម្ល៉េះ  ប៉ុន្ដែអ្វីដែលអស្ចារ្យ គឺការប្រកួតចុងឆ្នាំនេះនឹងមានការប្រកួតកីឡាជាច្រើនប្រភេទរួមទាំងការតាំងពិរព័ណ៌ និងកម្មវិធីប្រគុំតន្រ្ដីដ៏អស្ចារ្យហើយក៏មានការចូលរួមពីអភិបាលខេត្តកណ្ដាល និងតំណាងស្ថាប័នកីឡាជំនាញផងដែរ ។»

14980561_1084999468283172_5527572374229215486_n

ព្រឹត្តិការណ៍កីឡាដ៏ធំនេះត្រូវបានគេដាក់ឈ្មោះថា Sky Land Sport គឺរៀបចំឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នកីឡាជំនាញ់ នៅក្នុងការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនសម្រាប់ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា ការប្រកួតកីឡាដ៏ធំនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយការរៀបចំលើកក្រោយនឹងមានប្រភេទកីឡាប្លែកៗកាន់តែច្រើន ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឃុំវិហារសួគ៌ និងភ្ញៀវទេសចរណ៍ទស្សនាកម្សាន្ដផងដែរ ៕

14705779_1081017418681377_1230644147925203325_n

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ