មន្ដ្រី FFC៖ ជោគវាសនាគ្រូ Lee ជាមួយក្រុមជម្រើសជាតិ នឹងដឹងក្នុងពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ ស្របពេលលោក Lee Tae Hoon ប្រកាសចង់លាឈប់ពីក្រុមជម្រើសជាតិ ខណៈកិច្ចសន្យារបស់លោកនឹងត្រូវផុតចុងឆ្នាំនេះ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក៏បានបង្ហើបឲ្យដឹងថា ជោគវាសនាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងនេះ នឹងដឹងក្នុងពេលឆាប់ៗខាងមុខ ប៉ុន្ដែពេលនេះមិនទាន់ដឹងឡើយ ព្រោះនៅសល់ពេលជាង ១ខែទៀត ដែលសហព័ន្ធត្រូវពិចារណា ដើម្បីកំណត់គ្រូបង្វឹកត្រៀមដឹកនាំជម្រើសជាតិ នាឆ្នាំ២០១៧ ។

12

លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទី FFC បានឲ្យដឹងថា ចំពោះការសម្រេចរបស់លោក Lee Tae Hoon ដែលថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយនានា រឿងលោកចង់លាឈប់ជម្រើសជាតិ ឬលោកមិនចង់បន្ដកុងត្រាជាដើម ពេលនេះសហព័ន្ធមិនទាន់មានចំណាត់ការអ្វីឡើយ ព្រោះជាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ដែលឯកឧត្តម សៅ សុខា ជាប្រធានសហព័ន្ធ តាមរយៈកិច្ចប្រជុំសមាជិកប្រតិបត្តិនាពេលខាងមុខ ។

YANGON-MYANMAR- Prematch press conference during AFF Suzuki Cup 2016 Final Rounds group B at the Novotel Max Hotel, Yangon on November 19, 2016. Picture by Thananuwat Srirasant/Lagardere Sport.

លោកបន្ដថា៖ «ពេលនេះថ្នាក់ដឹកនាំមិនទាន់សម្រេចយ៉ាងម៉េចទេ ជុំវិញការចង់បន្ដ ឬមិនចង់បន្ដកុងត្រារបស់គ្រូ Lee ព្រោះយើងចង់ឲ្យគាត់សម្រាកពីការដឹកនាំក្រុមប្រកួតពាន Suzuki Cup ឲ្យបានស្រួលបួលសិន ។ ហើយនៅពេលវេលាមួយខែជាងទៀត ដើម្បីពិចារណា…។ ដូច្នេះក្នុងពេលឆាប់ៗនេះ នឹងមានការប្រជុំគណៈកម្មការប្រតិបត្តិ ស្ដីពីការរៀបចំកម្មវិធីធំៗ សម្រាប់ឆ្នាំ២០១៧ ហើយក៏មានការរៀបចំគ្រូជម្រើសជាតិបន្ដទៀត ហេតុនេះយើងនឹងមានការពិចារណាទៅលើគាត់ ប៉ុន្ដែមិនទាន់ដឹងលទ្ធផលបែបណាទេ គឺរង់ចាំការប្រជុំសិន» ។

2-752x440

ចំណែកពាក់ព័ន្ធនឹងបញ្ហាកីឡាករ ដែលជាបញ្ហាធ្វើឲ្យលោក Lee ចង់លាឈប់ពីជម្រើសជាតិវិញ មន្ដ្រីសហព័ន្ធជាន់ខ្ពស់រូបនេះ បានបន្ដថា បញ្ហាវិន័យកីឡាករ គឺជាការពិត ដោយសារស្ថានភាពមានចុះ និងឡើង ។ ម្យ៉ាងស្មារតីកីឡាករ គឺមានចំណុចខ្វះខាតមួយចំនួន ប៉ុន្ដែពួកគេក៏មានការខិតខំខ្លាំងដែរ ជាក់ស្ដែងការទទួលបានលទ្ធផលនាពេលថ្មីៗកន្លងទៅ គឺជាលទ្ធផលល្អមួយ ទោះបីមិនបានឡើងវគ្គបន្ដ តែល្អប្រសើរជាងពីមុន ។

7

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ បន្ទាប់ពីដឹកនាំក្រុមគោព្រៃកម្ពុជា ត្រឡប់មកពីបប្រកួត AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ា លោក Lee Tae Hoon បានថ្លែងទៅកាន់តែអ្នកសារព័ត៌មានថា ដោយសារកីឡាករបង្កកំហុសដដែលៗព្រមទាំងលែងស្ដាប់ការណែនាំរបស់ខ្លួន គឺលោកមិនអាចបន្ដដឹកនាំក្រុមជម្រើសជាតិបានទេ បើទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់បន្ដកុងត្រាថ្មីឲ្យលោកក៏ដោយ ។ តែយ៉ាងណាលោកក៏មានលក្ខខណ្ឌអាចបន្ដកុងត្រាដែរ ប្រសិនបើកីឡាករទាំងអស់ស្ដាប់តាមការណែនាំរបស់លោក ហើយចេះថែរក្សាសុខភាព កម្លាំង និងការតាំងចិត្តឱ្យបានល្អដើម្បីជាតិរបស់ខ្លួននោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ