មនុស្ស ៩ ពាន់នាក់មកពីប្រទេសជាង ៧០ នឹងចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរនៅខែក្រោយនេះ!

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២១ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលគ្រោងធ្វើឡើងនាថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០១៦នោះ បានសម្រេចបិទបញ្ជីចុះឈ្មោះហើយបន្ទាប់ពីមានមហាជនចូលរួមច្រើនលើសការរំពឹងទុក ។ ក្នុងចំណោមអ្នកចូលរួមទាំង ៩ពាន់នាក់នេះ គឺមានខ្មែរជាង ៤ពាន់នាក់ និងបរទេសជាង ៥ពាន់នាក់មកពី ៧៥ប្រទេសនានាជុំវិញពិភពលោក។ ជារួមចំនួនអ្នកចូលរួមនាឆ្នាំ២០១៦ នេះបានកើនឡើងច្រើនជាង ១០០០នាក់ បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅដែលមានចំនួនជាង ៨ពាន់នាក់ ។

anktorwat4

ការគាំទ្រកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារគណៈកម្មការបច្ចេកទេសរៀបចំបានល្អជាងឆ្នាំកន្លងមក ដោយអ្នករៀបចំទទួលបានការសហការពីអាជ្ញាធរដែនដីខេត្តសៀមរាប, អាជ្ញាធរអប្សរា, ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាអត្តពលកម្ម ក៏ដូចជាអ្នកស្ម័គ្រចិត្តជាច្រើនរូបទៀតផងដែរ។

m1

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ដែរថា ចំពោះគោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គឺធ្វើឡើងដើម្បីស្វែងរកថវិកាជួយដល់មន្ទីររពេទ្យកុមារអង្គរខេត្តសៀមរាប, មន្ទីរពេទ្យគន្ធបុប្ផា និងបណ្តាអង្គការនានាមួយចំនួនទៀត ជាពិសេសគឺរត់ដើម្បីបំផុសស្មារតីដល់មនុស្សជាតិជួយការពារបរិស្ថានតំបន់អង្គរផងដែរ។

m2

សូមបញ្ជាក់ថា វិញ្ញាសាដែលដាក់ឲ្យប្រកួត គឺមានចំនួន ៣ គឺពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ២១គីឡូម៉ែត្រ បុរសនារី, រត់១០គីឡូម៉ែត្របុរសនារី និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។ ទិវារត់ប្រណាំងប្រចាំឆ្នាំខែធ្នូ រៀងរាល់ឆ្នាំ ពាក់កណ្តាលម៉ារ៉ាតុងនេះបានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទិវានេះបានត្រូវបានប្រារព្ធធ្វើឡើងអស់រយៈពេលជាង២០ឆ្នាំកន្លងមកជាមួយនឹងការស្វែងរកមូលនិធិពីការចុះឈ្មោះ ហើយបានបរិច្ចាគទៅកាន់កិច្ចការមនុស្សធម៌ ដោយកាលពីឆ្នាំមុនព្រឹត្តិការណ៍នេះបានបរិច្ចាគថវិកាបានជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅកាន់ ការងារសង្គម និងមនុស្សធម៌ផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ