ទស្សនៈគ្រូបឹងកេត-ស្វាយរៀង- ណាហ្គា ជុំវិញព័ត៌មានចង់លាឈប់ពីជម្រើសជាតិរបស់គ្រូ Lee

ភ្នំពេញ៖ ក្រោយបរាជ័យក្នុងយុទ្ធនាការប្រកួតពាន AFF Suzuki Cup 2016 លើកទឹកដីមីយ៉ាន់ម៉ា និងដឹកនាំកូនក្រុមត្រឡប់មកដល់មាតុភូមិវិញ លោក Lee Tae Hoon បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ និងថ្នាក់ដឹកនាំក្លឹបអាជីពមួយចំនួន បន្ទាប់ពីលោកប្រកាសចង់ឈប់ពីក្រុមជម្រើសជាតិកម្ពុជា ដោយសារបញ្ហាកីឡាករមិនស្ដាប់ការណែនាំ។ ជុំវិញព័ត៌មាននេះ បានធ្វើឲ្យគ្រូបង្វឹកក្លឹបអាជីព ៣រូប មានលោក ប្រាក់ សុវណ្ណារ៉ា, សំ វ៉ាន់ដេតនិងលោក មាស ចាន់ណា បានសម្ដែងការភ្ញាក់ផ្អើល និងទទូចឲ្យគ្រូជនជាតិកូរ៉េខាងត្បូងរូបនេះ ពិចារណាលើការសម្រេចរបស់ខ្លួនទៀតផង ។

12

១. លោក ប្រាក់ សុវណ្ណា គ្រូបង្គោលក្លឹបបឹងកេតអង្គរ

គ្រូបង្វឹកត្រៀមដឹកនាំក្រុមបឹងកេតអង្គរ ចេញទៅប្រកួតពាន BTV Cup 2016 ព្រឹកនេះ បានលើកឡើងថា លោកពិតជាកោតសរសើរចំពោះសមិទ្ធផលមួយរយៈពេលចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា បើទោះបីទើបធ្លាក់ត្រឹមវគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ក្រោមការដឹកនាំរបស់លោក Lee ក៏ដោយ ។ ប៉ុន្ដែពាក់ព័ន្ធនឹងការចង់លាឈប់ពីជម្រើសជាតិរបស់លោក Lee ដោយសំអាងលើហេតុផលមកពីកីឡាករនោះ លោកមិនគាំទ្រឡើយ ព្រោះលោកយល់ថា លទ្ធផលល្អ ឬមិនល្អ គឺអាស្រ័យលើអ្នកដឹកនាំ ដូច្នេះយើងត្រូវគោរពលើការសម្រេចចិត្តរបស់ខ្លួន និងវិនិច្ឆ័យលើលទ្ធផលជាក់ស្ដែង ។

12936716_1606728092984473_3883479363260348771_n

លោកនិយាយថា៖ «យើងត្រូវតែផ្ដល់ភាពយុត្ដិធម៌ មានន័យថា ពេលក្រុមឈ្នះ គាត់មានដែលនិយាយអាក្រក់ពីកីឡាករទេ….!ដល់ពេលកីឡាករលេងចាញ់ គាត់ថាអញ្ចេះអញ្ចុះ គាត់អត់បានមើលពេលឈ្នះ ។ អុីចឹងទស្សនៈខ្ញុំ គឺនិយាយអំពីលក្ខណៈទូទៅដោយប្រៀបធៀងលីគយើង ទៅលីគថៃ ឬវៀតណាម គឺខុសគ្នាមេឃ និងដី…។ ម្យ៉ាងបើកីឡាករមិនស្ដាប់គាត់ហេតុអ្វីគាត់អាចលេងប្រព័ន្ធហ្នឹងបាន គឺកីឡាករលេងតាមគាត់ ។ ប៉ុន្ដែយ៉ាងណាខ្ញុំពិតជាមានមោទនៈភាពចំពោះលទ្ធផលមួយរយៈពេលចុងក្រោយនេះ ជាក់ស្ដែងលទ្ធផល Suzuki Cup តាំងពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន គឺទើបតែឆ្នាំនេះទេ ដែលរាល់ការប្រកួតកម្ពុជា មានឱកាសស៊ុតចូលទីគូប្រកួតពិសេសគឺមានសារព័ត៌មានបរទេសជាច្រើន ផ្ដោតអារម្មណ៍លើបាល់ទាត់ខ្មែរ» ។

២.លោក សំ វ៉ាន់ដេត គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង

បុរសដែលបានជួយក្លឹបព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៣នេះ បាននិយាយថា៖ «ធម្មតា វាគឺជាគរុកោសល្យរបស់គ្រូបានន័យថា យើងចង់ឈប់ យើងត្រូវដឹងពីសមត្ថភាពរបស់យើង យើងមិនអាចទម្លាក់កំហុសទៅអ្នកណាម្នាក់បានទេ ខ្ញុំអត់គាំទ្រគំនិតរបស់គាត់ទេ បើសិនគាត់និយាយថា គាត់អសមត្ថភាព ឬគាត់ពិបាកដឹកនាំក្រុម Ok យើងត្រូវឈប់ព្រោះធម្មតាយើងជាអ្នកខុស ដោយសារការដឹកនាំលទ្ធផលមិនបានជោគជ័យ គឺយើងត្រូវបន្ទោសខ្លួនឯងសិន(បើសិនខ្ញុំជាគ្រូ) ។ យើងអត់អាចពេលមានបញ្ហា យើងឲ្យកំហុសទៅលើកីឡាករ ឬអ្នកណាទេ គឺយើងជាគ្រូ យើងមានសិទ្ធិសម្រេចជ្រើសរើសកីឡាករ ដូច្នេះបើកីឡាករមានបញ្ហា ឬកីឡករមានចរឹកទំយើដូចគាត់ធ្លាប់លើកឡើងតាមសារព័ត៌មានផ្សេងៗ គឺគាត់មានសិទ្ធិសម្រេចគួរយក ឬអត់ព្រោះការដឹកនាំ គឺមានប្រជាជនរាប់លាននាក់ជឿជាក់លើគាត់ ។ ចំពោះអារម្មណ៍ផ្ទាល់ ខ្ញុំពិតជាមានការសោកស្ដាយបើសិនលោក Lee ឈប់ពីជម្រើសជាតិពិតមែន ព្រោះខ្ញុំឃើញគាត់ដឹកនាំល្អ ហើយធម្មតាបើយើងប្ដូរគ្រូ ក៏មានបញ្ហាក្នុងការរៀបចំប្រព័ន្ធថ្មីដែរ ។ ខ្ញុំសង្ឃឹមថា គាត់នឹងគិតឲ្យបានច្បាស់ ព្រោះយើងជាគូ្រ យើងត្រូវមើលពីកំហុសខ្លួនឯងសិន ចាំមើលកំហុសអ្នកដទៃ ទោះជោគជ័យ ឬអត់ យើងមិនត្រូវថា មកពីអ្នកនេះ ឬអ្នកនោះទេ…។ ធម្មតាបាល់ទាត់ យើងខំហាត់ គេក៏ខំហាត់ តែបើយើងប្រៀបធៀបបាល់ទាត់ខ្មែរទៅបាល់ទាត់កូរ៉េ ឬបណ្ដាប្រទេសខ្លាំងៗក្នុងតំបន់ គឺមិនកើតទេ ព្រោះយើងមានកម្រិត ហើយប្រាក់ឧបត្ថម្ភវិញ គឺខុសគ្នាស្រលះ ។»

13775983_1065919856833058_6057840581514485285_n

លោកបានបន្ថែមថា៖ «ម្យ៉ាងវិញទៀត ខ្ញុំទទួលស្គាល់ថា ការហ្វឹកហាត់របស់យើង នៅខ្វះខាតសម្ភារៈទំនើបច្រើន មិនអាចប្រៀបនឹងសិង្ហបុរី ឬវៀតណាមទេដូច្នេះការដឹកនាំបានលទ្ធផលប៉ុណ្ណេះ ខ្ញុំគិតថាល្អហើយ…។ ជារួមខ្ញុំគិតថា លោក Lee គួរលើកយកបញ្ហាទាំងឡាយមកដោះស្រាយជាមួយសហព័ន្ធ ហើយគាត់ត្រូវរៀបចំឲ្យល្អជាងមុន ចំពោះចំណុចខ្វះខាត ជាជាងការប្រើប្រាស់ពាក្យដោះស្រាបញ្ហាឬការទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ព្រោះបាល់ទាត់យើងឥលូវកំពុងរីកចម្រើន» ។

៣. លោក មាស ចាន់ណា គ្រូបង្គោលក្លឹបណាហ្គាវើល

គ្រូបង្វឹកវ័យក្មេងរូបនេះ បានសម្ដែងការសោយស្ដាយជាខ្លាំង ប្រសិនបើលោក Lee Tae Hoon លាឈប់ពីក្រុមជម្រើសជាតិពិតមែនព្រោះលោកចាត់ទុកគ្រូបង្វឹកជនជាតិកូរ៉េរូបនេះ គឺជាគ្រូបង្វឹកដ៏ល្អរបស់ក្រុមជម្រើសជាតិ ។ ចំណែកពាក់ព័ន្ធនឹងមូលហេតុដែលធ្វើឲ្យលោក Lee ចង់លាឈប់នោះ គឺមិនអាចដោយសាតែកត្ដាកីឡាករនោះទេ ។ លោកនិយាយថា៖ «ខ្ញុំគិតថាកីឡាករមិនមែនជាកត្ដា ដែលធ្វើឲ្យលោក Lee គិតចង់ឈប់ទេ វាអាចមានកត្ដាផ្សេងៗជាច្រើនទៀត ។ ខ្ញុំជឿថាគាត់ក៏ដឹងពីកម្រិតសមត្ថភាពកីឡាករកម្ពុជា បើប្រៀបនឹងកីឡាករក្នុងតំបន់ដែរ ព្រោះបើយើងចង់ឡើងដល់វគ្គខ្វែង ដូចជាពាន Suzuki Cup អីហ្នឹង គឺមិនទាន់ដល់ពេលនោះទេ ។ ដូច្នេះបើគាត់ឈប់ ខ្ញុំពិតជាមានការសោកស្ដាយ ព្រោះខ្ញុំជឿថា យកគ្រូថ្មីមកនឹងពិបាកបន្ដិច ។ អាស្រ័យហេតុនេះ ខ្ញុំគិតថា គាត់គួរតែបន្ដដឹកនាំក្រុមជម្រើសជាតិទៀត ព្រោះទម្រង់លេងរបស់កីឡាករឥលូវកំពុងតែល្អព្រោះខ្ញុំខ្លាចយកគ្រូថ្មីមក មិនស្គាល់កីឡាករ ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលកាន់តែធ្ងន់ធ្ងរ» ។

13511948_570855119753776_5945114005819892496_n

សូមរំឮកថា កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ ក្រោយដឹកនាំក្រុមជម្រើសជាតិកម្ពុជា ត្រឡប់មកពីមីយ៉ាន់ម៉ាវិញ លោកLee Tae Hoon បានថ្លែងទៅកាន់តែអ្នកសារព័ត៌មានថា ដោយសារកីឡាករបង្កកំហុសដដែលៗព្រមទាំងលែងស្ដាប់ការណែនាំរបស់ខ្លួន គឺលោកមិនអាចបន្ដដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានទេ បើទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់បន្ដកុងត្រាថ្មីឲ្យលោកក៏ដោយ ។ តែយ៉ាងណាលោកក៏មានលក្ខខណ្ឌអាចបន្ដកុងត្រាដែរប្រសិនបើកីឡាករទាំងអស់ស្ដាប់តាមការណែនាំរបស់លោក ហើយថែរក្សាសុខភាព កម្លាំង និងការតាំងចិត្តឱ្យបានល្អដើម្បីទទួលបានជោគជ័យនាពេលខាងមុខ ៕

7

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ