ប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក បំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹង លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានចំណាយពេលវេលារបស់ខ្លួន ទៅទទួលឯកឧត្តម OH HYUN-DEUK ប្រធានស្ថាប័នកីឡាតេក្វាន់ដូពិភពលោក KUKKIWON ដែលបានធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជា និងទស្សនាការប្រកួតជ្រើសរើសថ្នាលសម្រាប់ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
536a7077

ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសថ្នាលសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣នោះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នឹងរៀបចំនាថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ជាកម្មវិធីដែលមានឈ្មោះថា Best of the Best 2016 ។ ឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «ថ្វីត្បិតកន្លងមកឯកឧត្តម OH HYUN-DEUK ពុំធ្លាប់ធ្វើដំណើរមកកម្ពុជា ប៉ុន្ដែប្រធានស្ថាប័នកីឡាតេក្វាន់ដូពិភពលោកនេះ តែងផ្ដល់ជំនួយនានា ពិសេសផ្នែកបច្ចេកទេស និងផ្ដល់កន្លែងស្នាក់នៅហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីកម្ពុជា នៅសាធារណៈរដ្ឋកូរ៉េ ដូចជាកីឡាករ ស៊ន សៀវម៉ី ជាដើម ទើបជំរុញឲ្យតេក្វាន់ដូកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ។»

536a7049

ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានស្ថាប័ន KUKKIWON នេះ ត្រូវបានថ្នាក់ដឹកនាំខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា និងឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន  ចាត់ទុកជាសញ្ញាណមួយដ៏ល្អ ដើម្បីជំរុញវិស័យកីឡាតេក្វាន់ដូកម្ពុជាឲ្យកាន់តែរីកចម្រើន និងឈានទៅប្រកួតលើពិភពលោកនាថ្ងៃអនាគត ។

536a7004

លោក ជ្រិន សុធា អនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជាក់ដែរថា៖ «ស្របពេលដំណើរទស្សនៈរបស់ប្រធានស្ថាប័នកីឡាតេក្វាន់ដូពិភពលោកនេះ កម្ពុជាបានត្រៀមរៀបចំកម្មវិធីប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ Best Of the Best 2016 មួយ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ដើម្បីបង្ហាញសមត្ថភាពកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាដល់ឯកឧត្តម OH HYUN-DEUK ។ លោកបន្ដថា នេះគឺជាឱកាសដ៏ល្អ ដែលថ្នាលវ័យក្មេងកម្ពុជា ត្រូវបង្ហាញឲ្យថ្នាក់ដឹកនាំពិភពលោកបានស្គាល់ដើម្បីវិនិច្ឆ័យពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ពួកគេ ។»

536a7013

ជាមួយគ្នានេះដែរ ឯកឧត្តម OH HYUN-DEUK បានលើកឡើងថា ការមកទស្សនៈកិច្ចលើកដំបូងនៅកម្ពុជានេះ គឺដោយសារឯកឧត្តមចង់ដឹងពីស្ថានភាពកីឡាតេក្វាន់ដូកម្ពុជាបច្ចុប្បន្ន ពិសេសគឺការបណ្ដុះបណ្ដាលថ្នាលត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង ។ លោកបានសន្យាថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចនេះ ប្រសិនកម្ពុជា នៅមានកន្លែងខ្វះខាតលោកនឹងបន្ដជួយជ្រោមជ្រែងបន្ថែមទៀត ដើម្បីជំរុញកីឡាតេក្វាន់ដូកម្ពុជាឲ្យឈានដល់កម្រិតពិភពលោកនាថ្ងៃអនាគតដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ