AFF Suzuki Cup៖ កម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ក្រោយចាញ់មីយ៉ាន់ម៉ា ៣-១ មុននេះ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានជម្រុះចេញពីការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នេះហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១ នៅក្នុងជំនួបពូលB ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច គ្រាដែលក្រុមមីយ៉ាន់ម៉ា ត្រូវត្រៀមខ្លួនប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ ។

received_932051720260115

ដើមតង់ទី១ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ខណៈកីឡាករ សុះ ស៊ូហាណា រកបានគ្រាប់នាំមុខ ១គ្រាប់ឲ្យកម្ពុជា បន្ទាប់ពីទទួលបាល់បញ្ជូនពីមិត្តរួមក្រុម ចាន់ វឌ្ឍនាកា នៅនាទីទី១៤ ។ ប៉ុន្ដែក្រោយមានគ្រាប់បាល់នាំមុខ ភ្លាមៗក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានព្យាយាមវាយបកជាខ្លាំង រហូតបំប៉ោងសំណាញ់កម្ពុជាបាន ២គ្រាប់វិញ ដែលតែតបញ្ចូលទីដោយកីឡាករ Zaw Min Tun ។

សម្រាប់តង់ទី២ ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅតែព្យាយាមដាក់សម្ពាធលើក្រុមគោព្រៃកម្ពុជា និងបានបន្ថែម ១គ្រាប់ទៀត ដែលធ្វើសម្រេចដោយកីឡាករ Aung Thu នៅនាទីទី៥៦ ។ ចំណែកក្រុមដឹកនាំដោយលោក Lee Tae Hoon បើទោះបីមានការផ្លាស់ប្ដូរកីឡាករច្រើនយ៉ាងណា ក៏មិនអាចវាយបកក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាវិញបានដែរ ពោលគឺបានត្រឹមរក្សាលទ្ធផលចាញ់មីយ៉ាន់ម៉ា ៣-១ រហូតដល់ចប់ការប្រកួតប៉ុណ្ណោះ ។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា ខ្ទាតចេញពីពូលB មុនគេ ដោយរង់ចាំការប្រកួតបង្គ្រប់កិច្ចជាមួយវៀតណាម នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា គឺចាញ់ម៉ាឡេស៊ី ៣-២ និងចាញ់មីយ៉ាន់ម៉ា ៣-១ ។ រីឯមីយ៉ាន់ម៉ា ក្រោយយកឈ្នះកម្ពុជា ក្រុមម្ចាស់ផ្ទះនេះ ត្រូវត្រៀមខ្លួនប្រកួតកាត់សេចក្ដីជាមួយក្រុមម៉ាឡេស៊ី ដែលជាក្រុមមាន ៣ពិន្ទុក្នុងដៃស្មើគ្នា នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ បើក្រុមណាឈ្នះ ក្រុមនោះនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ