ព្រឹទ្ធាចារ្យ ប៉ែន ផាត ជូនពរគោព្រៃកម្ពុជាឲ្យជោគជ័យល្ងាចនេះ និងលេងដោយចិត្តត្រជាក់!

ភ្នំពេញ៖ អតីតកីឡាករបាល់ទាត់ដ៏ល្បីកាលពីទសវត្សរ៍ទី៦០ លោក ប៉ែន ផាត បានផ្ដាំផ្ញើចិត្តនឹករលឹកពីប្រទេសបារាំង ដោយបានជូនពរក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកានេះ ។ លើសពីនេះលោកបានជំរុញឲ្យកីឡាករម្នាក់ៗ ត្រូវស្ដាប់តាមការបញ្ជារបស់លោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមគោព្រៃកម្ពុជានេះទៀតផង ។

14910337_379244679074365_4008341385445736565_n

បង្ហោះសារលើ Facebook ផ្លូវការ ខណៈលោក ប៉ែន ផាត កំពុងស្នាក់នៅប្រទេសបារាំងនោះ លោកបានលើកឡើងថា កីឡាករទាំងអស់សូមកុំអស់សង្ឃឹមឲ្យសោះ ព្រោះប្រកួតកន្លងមកនេះ កីឡាករម្នាក់ៗធ្វើបានល្អហើយ ដូច្នេះអ្នកត្រូវតែធ្វើចិត្តឲ្យត្រជាក់ និងប្រមូលអារម្មណ៍ឲ្យបានល្អ ដើម្បីត្រៀមការប្រកួតល្ងាចនេះ ។ មុនការប្រកួតកីឡាករម្នាក់ៗ ត្រូវប្រកាន់ភ្ជាក់ពេលវេលាសម្រាកឲ្យបានល្អ កុំនិយាយច្រើន និងត្រូវស្ដាប់គ្រូ ទើបទទួលបានជោគជ័យទាំងអស់គ្នា ។

111

ការផ្ដាំផ្ញើរបស់ព្រឹទ្ធាចារ្យបាល់ទាត់រូបនេះ គឺបន្ទាប់ពីក្រុមគោព្រៃខៀវកម្ពុជា ប្រកួតដំបូងចាញ់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣-២ កាលពីចុងសប្ដាហ៍មុន ។ ប៉ុន្ដែដោយផ្នែកលើភាពរីកចម្រើនមួយរយៈពេលចុងក្រោយនេះ លោកនៅតែមានជំនឿចិត្តលើក្រុមជម្រើសជាតិកម្ពុជាថា អាចធ្វើបានល្អក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាល្ងាចនេះ បើទោះបីជាក្រុមមីយ៉ាន់ម៉ា ត្រូវការ ៣ពិន្ទុដាច់ខាតដូចកម្ពុជាក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ