វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកសីប៉ាក់តាក្រ ទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកសីប៉ាក់តាក្រកម្រិត ១ បានបើកឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានោះបានបញ្ចប់ដោយជោគជ័យហើយនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញ ដោយវគ្គនេះបានបើកឡើងក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមានគ្រូបង្វឹកមកពីសហព័ន្ធសីប៉ាក់តាក្រអន្តរជាតិជាវគ្មិន។ បើតាមការឲ្យដឹងពីលោកទូច សុភៈ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឱ្យដឹងថា សិក្ខាកាមដែលចូលរួមសិក្សាមានចំនួន ២៥នាក់មកពីបណ្ដាក្លិបនានាជាសមាជិកសហព័ន្ធចំនួន ២២ក្លិបក្នុងនោះមាន ៧នាក់ជានារី ហើយនេះជាលើកដំបូងដែលសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានបើកវគ្គមួយនេះដែលលោកចាត់ទុកថាជាវគ្គដ៏ល្អមួយ ។ វគ្គសិក្សាចំនួននេះមាន ចំនួន ៧ថ្ងៃនេះត្រូវជា ៤៩ម៉ោង ។

15128598_1207538999317064_2102092871_n

លោក Poonsak Permsa គ្រូបង្វឹកជនជាតិថៃមកពីសហព័ន្ធអន្តរជាតិដែលជាវាគ្មិននោះគឺជាគ្រូដែលមានបទពិសោធន៍ខ្ពស់ដោយធ្លាប់បង្ហាត់នៅប្រទេសកូរ៉េ រយៈពេល ៦ឆ្នាំ ធ្លាប់បង្ហាត់នៅប្រទេសឥណ្ឌា និងធ្លាប់ជាគ្រូបង្ហាត់របស់ក្លិបកងទ័ពជើងទឹកថៃផងដែរ ។ លោកមាស សារិន ដែលជាប្រធានសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាបានថ្លែងក្នុងពិធីបិទវគ្គថា លោកចង់ឲ្យកីឡានេះមាននៅក្នុងសាលារៀនហើយប្រសិនបើមួយឆ្នាំមានគ្រូម្នាក់បណ្ដុះបណ្ដាលសិស្សបានតែ ២ នាក់នោះតែ ៤ ឬ ៥ឆ្នាំអ្នកលេងសីប៉ាក់តាក្រនឹងមានពាសពេញប្រទេសកម្ពុជា ដែលនោះគឺជាឱកាសដែលងាយស្រួលក្នុងការរកអត្តពលិកដែលមានសមត្ថភាព ។ លោក Poonsak Permsap ក៏មានមតិដែរថាគ្រូទាំងអស់ត្រូវតែយកចំណេះនេះទៅបណ្ដុះបណ្ដាលដល់សិស្ស ព្រោះបើមានតែគ្រូគ្មានសិស្សក៏មិនកើតដែរហើយបើមានសិស្សអត់គ្រូក៏មិនកើតដូចគ្នាហេតុនេះជាគ្រូត្រូវតែរកសិស្សដើម្បីបណ្ដុះបណ្ដាល ។

15207946_1207539002650397_1174233904_n

គួរបញ្ជាក់ថា ក្នុងពិធីបិទវគ្គនេះមានការចូលរួមពីសំណាក់លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាតំណាងក្រសួងអប់រំយុវជន និងកីឡា លោកស្រីលឹម ម៉ារីណា អនុប្រធានសហព័ន្ធសីប៉ាក់តាក្រកម្ពុជាផងដែរ ជាលទ្ធផលនៃការសិក្សាគឺ ១០នាក់ស្មើនឹង ៤០ភាគរយបានទទួលលទ្ធផលល្អ ៩នាក់ស្មើនឹង ៣៦ភាគរយបានលទ្ធផលល្អបង្គួរ និង ៦នាក់ស្មើនឹង ២៤ភាគរយបានមធ្យម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ