AFF Suzuki Cup៖ កុំភ្លេចល្ងាចនេះមាន ២គូ គឺថៃ ប៉ះ សិង្ហបុរី និង ហ្វីលីពីន ប៉ះ ឥណ្ឌូនេស៊ី

ភ្នំពេញ៖ បន្ទាប់ពីរកបាន ៣ពិន្ទុកាលពីថ្ងៃបើកឆាក និងកំពុងឈរកំពូលតារាងពូល A នៃពាន AFF Suzuki Cup 2016 ហើយនោះ នារសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ ក្រុមការពារតំណែងជើងឯកថៃ នឹងត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរីវិញម្ដង គ្រាដែលក្រុមម្ចាស់ផ្ទះហ្វីលីពីន ត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិហ្វីលីពីនតែមួយគត់ ដើម្បីស្វែងរកពិន្ទុមកពង្រឹងក្ដីសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

6

សម្រាប់ក្រុមដំរីសឹកថៃ ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិតែម្ដង មានន័យថា បើសិនថៃ យកឈ្នះក្រុមសិង្ហបុរីល្ងាចនេះ គឺថៃមិនបាច់ខ្វល់ការប្រកួតចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីនឡើយ ។ ផ្ទុយពីគ្នា គឺសិង្ហបុរីត្រូវការឈ្នះដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមរបស់ខ្លួន ព្រោះពេលនេះសិង្ហបុរី ទើបរកបាន ១ពិន្ទុក្នុងដៃប៉ុណ្ណោះ ក្រោយប្រកួតស្មើហ្វីលីពីន ០-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ដូច្នេះ ការប្រកួតនាល្ងាចនេះគឺជាជំនួបដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិថៃ និង សិង្ហបុរី ដែលសុទ្ធតែជាម្ចាស់ជើងឯក ៤ សម័យកាលដូចគ្នានោះ។

6-1

ចំណែកក្រុមជម្រើសជាតិហ្វីលីពីន ក៏ដូចគ្នាដែរ គឺត្រូវការឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេស៊ីល្ងាចនេះ ។ ប៉ុន្ដែយ៉ាងណា ក្រុមឥណ្ឌូនេស៊ី ដែលរបូតអស់ ៣ពិន្ទុកាលពីថ្ងៃបើកឆាកក្រោយចាញ់ក្រុមជម្រើសជាតិថៃ ៤-២ នោះ ក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមហ្វីលីពីន និងជួបក្រុមសិង្ហបុរី  ហេតុនេះបើសិនឥណ្ឌូនេស៊ី មានលទ្ធភាពយកឈ្នះ ២ប្រកួតនេះ នោះឥណ្ឌូនេស៊ី នឹងឡើងទៅវគ្គបន្ដ មិនមែនហ្វីលីពីន ឬសិង្ហបុរីនោះទេ ៕

 

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ