ទីលាន K11 រកឃើញក្រុមជើងឯក ២ ព្រឹត្តិការណ៍ព្រមគ្នាកាលពីម្សិលមិញ

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិនអាជីពចំំនួនពីរ ដែលរៀបចំដោយម្ចាស់ទីលាន K11 Sport Club បានបញ្ចប់ក្នុងថ្ងៃជាមួយគ្នាកាលពីម្សិលមិញ ដោយបានរកឃើញក្រុមគ្រងតំណែងជើងឯកព្រមគ្នាផងដែរ ក្នុងនោះក្រុមឱម៉ាល់ ឈ្នះជើងឯកពាន K11 Cup Sport Club រដូវកាលទី២ និងក្រុមមហាមិត្តអែហ្វស៊ី ឈ្នះជើងឯកនៃពានវ័យចាស់ លើកទី១ ប្រចាំឆ្នាំ២០១៦នេះ ។ចំពោះលទ្ធផលការប្រកួតវគ្គផ្ដាច់ព្រ័ត្រម្សិលមិញ ក្រុមឱម៉ាល់ បានយកឈ្នះក្រុម Victory FC ដោយលទ្ធផល ៥-៣ ដើម្បីគ្រងតំណែងជើងឯកពាន K11 Cup Sport Club រដូវកាលទី២ ។ នេះគឺជាគូដ៏ជក់ចិត្ត ក្រោមការប្រយុទ្ធលើវាលស្មៅសិប្បនិម្មិតរហូតដល់ចប់ការប្រកួត ពិសេសគឺការប្រដេញគ្រាប់បាល់គ្នាយ៉ាងប្រកៀកប្រកិតតែម្ដង តែសំណាងល្អក្រុមឱម៉ាល់ បានបំប៉ោងសំណាញ់ទីក្រុម Victory ២គ្រាប់នៅចុងម៉ោង ដើម្បីយកឈ្នះ ៥-៣ តែម្ដង ។

15032453_1080946068688512_753792118_n

រីឯក្រុមមហាមិត្តអែហ្វស៊ី បានយកឈ្នះក្រុម True Vision ដោយលទ្ធផល ៦-១ មុនគ្រងតំណែងជើងឯកពានរង្វាន់វ័យចាស់ លើកដំបូង ។ ការប្រកួតនេះ ក្រុមមហាមិត្ត បានដាក់សម្ពាធលើគូប្រកួតជាខ្លាំងនៅតង់ទី១ ហើយថែមទាំងនាំមុខ ៥-០ ទៀតផង ប៉ុន្ដែបន្ទាប់ពីក្រុម True Vision ផ្លាស់ប្ដូរទម្រង់លេងទើបតង់ទី២ ក្រុមទាំងពីររកបានត្រឹមតែម្នាក់ ១គ្រាប់ មុននឹងក្រុមមហាមិត្ត ក្លាយជាជើងឯកពានវ័យចាស់ ប្រចាំព្រឹត្តិការណ៍ទី១ របស់ទីលាន K11 Sport Club នេះ ។

14971833_1080946075355178_1663063342_n

លោក យ៉ន់ សំអុន អ្នកគ្រប់គ្រងទីលាន K11 បានថ្លែងឲ្យដឹងថា ការប្រកួតពានរង្វាន់ K11 Cup Sport Club រដូវកាលទី២ និងពានរង្វាន់វ័យចាស់ លើកទី១ ឆ្នាំ២០១៦នេះ គឺទទួលបានលទ្ធផលល្អប្រសើរច្រើន បើធៀបនឹងឆ្នាំមុន ពិសេសក្រុមចូលរួមមានការកើនឡើងច្រើន បើទោះបីមានព្រឹត្តិការណ៍ជាន់គ្នាបែបនេះក៏ដោយ ។ លោកបញ្ជាក់ថា លោកពិតជាមានមោទនៈភាពណាស់ នៅក្នុងការបង្កើតព្រឹត្តិការណ៍នេះ ដើម្បីជំរុញយុវជនឲ្យលេងកីឡា និងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ ។

14997151_1080946092021843_230929277_n

គួរបញ្ជាក់ថា ពិធីបិទការប្រកួតនេះ គឺទទួលបានការចូលរួមពីលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងតំណាងក្រុមហ៊ុនភេជ្ជៈ Pepsi ដែលឧបត្ថម្ភធំដ៏ព្រឹត្តិការណ៍នេះ ។ ពាក់ព័ន្ធនឹងប្រាក់រង្វាន់ជ័យលាភីវិញ ចំពោះពានរង្វាន់ K11 Cup Sport Club ក្រុមជើងឯកឱម៉ាល់ទ្រូប្រែន ទទួលបានពាន ១គ្រឿង អមដោយថវិកា ៤លានរៀល, លេខ២ ក្រុម Victory ទទួលបានថវិកា ២លានរៀល, លេខ៣ ក្រុម Baguette United ដែលយកឈ្នះក្រុម CMS ដោយលទ្ធផល ៦-៥ កាលពីដើមសប្ដាហ៍ទទួលបានថវិកា ១លាន ២០ម៉ឺនរៀល និងលេខ៤ ក្រុម CMS ទទួលបានថវិកា ៨០ម៉ឺនរៀល ។

15032472_1080946088688510_90446544_n

ចំណែកពានរង្វាន់វ័យចាស់ ក្រុមជើងឯកមហាមិត្ត ទទួលបានថវិកា ១លាន ២០ម៉ឺនរៀល, លេខ២ ក្រុម True Vision ទទួលបាន ៨០ម៉ឺនរៀល, លេខ៣ ក្រុម Daniel ទទួលបាន ៦០ម៉ឺនរៀល និងលេខ៤ ក្រុម CID ទទួលបាន ៤០ម៉ឺនរៀល ។ ទន្ទឹមជាមួយគ្នានោះ លោក យ៉ាន់ សំអុន ក៏បានប្រកាសបើកការប្រកួតពានរង្វាន់ថ្មីមួយទៀត នៅលើទីលាន K11 Sport Club នោះផងដែរ គឺពាន K11 U-18 រដូវកាលទី១ ដែលគ្រោយនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ