ភ្នំពេញក្រោន ដំឡើងគ្រូបង្វឹកថ្នាលយុវជន Oleg Starynskyi ជាគ្រូបង្គោលសម្រាប់រដូវកាលថ្មី!

ភ្នំពេញ៖ យោងតាមការឱ្យដឹងពីថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឱ្យដឹងថាក្លឹបជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាលនេះបានសម្រេចតែងតាំងលោក Oleg Starynskyi  ដែលជាអតីតគ្រូបង្វឹកក្រុមថ្នាលយុវជនមកជាគ្រូបង្គោល ឬគ្រូធំរបស់ក្លឹបជំនួសលោកសែម សំណាង (Sam Schweingruber) ដែលធ្លាប់ដឹកនាំក្រុមឱ្យលើកពានលីគកំពូលកាលពីរដូវកាល២០១៤ និង ២០១៥ ហើយនឹងត្រុូវក្លាយជាប្រធានបច្ចេកទេសវិញនោះ។ ការដំឡើងតួនាទីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបន្តភាពរីកចម្រើនក៏ដូចជាដើម្បីជាការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី និងការប្រកួតអន្តរជាតិជាបន្តបន្ទាប់នាពេលខាងមុខផងដែរ។

photo

គួររំលឹកថា គ្រូបង្វឹកវ័យ ៣០ឆ្នាំរូបនេះ ធ្លាប់បានចំណាយពេលជាង ៣ ឆ្នាំនៅប្រទេសម៉ាឡេស៊ីដើម្បីបំពេញការងារលើវិស័យបាល់ទាត់នេះ ដោយរួមទាំងធ្លាប់បានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ (U-17) ម៉ាឡេស៊ីក្នុងរយៈពេលប្រមាណជា ៦ ខែផងដែរ។ លោកបានចាប់កំណើតនៅតំបន់ Bila Tserkva ជិតរដ្ឋធានី Kiev របស់ប្រទេសអ៊ុយក្រែន និងធ្លាប់លេងឲ្យក្រុមយុវជន FC Arsenal-Kyiv ផងដែរ មុននឹងចាប់ផ្តើមអាជីពជាគ្រូបង្វឹក និងធ្វើការឲ្យ Kyiv Regional Federation ព្រមទាំងជាគ្រូបង្គោលក្រុមយុវជន FC Arsenal-Kyiv រួចទើបចាប់ផ្តើមរៀនវគ្គគ្រូបង្វឹកនៅ Goal Academy ក្នុងប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេល ៣ ឆ្នាំផងដែរ។ បច្ចុប្បន្នលោកមានសញ្ញាបត្រ UEFA B-license ជាមួយនឹង Coerver Coaching Youth Diploma ថែមទៀតផង។

13516378_1307769815918398_1072017807516625370_n

លោកបានថ្លែងថា៖ «វាពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ និងសូមអរគុណដល់ថ្នាក់ដឹកនាំក្លឹបដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបែបនេះ! វាពិតជារឿងដែលនឹកស្មានមិនដល់ពិតមែន!។» លោកបានបន្ថែមថា៖ «ជាមួយនឹងតួនាទីថ្មីនេះ ខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍន៍ក្លឹបឱ្យកាន់តែប្រសើរ ពិសេសយើងត្រូវតែកសាងទំនុកចិត្ត សមត្ថភាព ក៏ដូចជាស្មារតីដល់ក្រុមកីឡាករវ័យក្មេងរបស់យើងបន្ថែមទៀត ព្រោះថាពួកគេនឹងត្រូវធ្វើការធ្ងន់ជាងមុននៅរដូវកាលក្រោយ ដូចជាការប្រកួតនៅប្រទេសចិននៅខែធ្នូ, ការប្រកួតជម្រុះ AFC Cup 2017 និងពានរង្វាន់លីគកំពូលកម្ពុជាជាដើម។ ដូច្នេះ យើងត្រូវតែមានផែនការ និងការតាំងចិត្តខ្ពស់ដើម្បីរួមបញ្ចូលពួកគេឱ្យក្លាយជាក្រុមមួយដែលមានកម្លាំងខ្លាំងក្លា និងប្រកបដោយសក្តានុពលក្នុងការប្រកួតប្រជែងនានាបាន។»

13092107_1277293225632724_6002407911099952683_n

បន្ទាប់ពីបានចូលរួមជាមួយក្លឹបភ្នំពេញក្រោនជាផ្លូវការការកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ នេះ លោក Oleg Starynskyi បានបង្ហាញស្នាដៃជាបន្តបន្ទាប់ដោយធ្លាប់បានដឹកនាំក្រុមថ្នាលយុវជន U-19 ភ្នំពេញក្រោន លើកពាន Smart RSN Youth Competition 2016 និងទើបតែបញ្ចប់ភារកិច្ចជាគ្រូជំនួយក្រុម U-19 កម្ពុជាសម្រាប់ការប្រកួត AFF U-19 Championship 2016 កាលពីពេលថ្មីនេះផងដែរ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ