អ៊ិន សូដាវីត៖ ទោះជាប់ ឬមិនជាប់ជម្រើស ២៣នាក់ ទៅលេង Suzuki Cup ក៏ខ្ញុំមិនបោះបង់ក្ដីស្រមៃខ្ញុំដែរ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង អ៊ិន សូដាវីត សមាជិកនៃក្លឹបភ្នំពេញក្រោន បានបង្ហាញពីមហិច្ឆតា និងការតាំងចិត្តគួរឲ្យស្ញប់ស្ញែងបំផុតក្នុងអាជីពបាល់ទាត់របស់ខ្លួន ពិសេសគឺការចង់ក្លាយជាកីឡាករជម្រើសជាតិ ដើម្បីជួយជាតិ ហើយខ្លួនក៏មិនបោះបង់ក្ដីស្រមៃរបស់ខ្លួនដែរ បើទោះបីជាប់ ឬមិនជាប់ជម្រើស ២៣នាក់ នៃក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមទៅប្រកួតពានរង្វាន់ AFF Suzuki Cup 2016 នៅមីយ៉ាន់ម៉ានាពេលខាងមុខក៏ដោយ។

14589647_1807917119445788_6528042999185470369_o

កីឡាករវ័យក្មេងជាងគេក្នុងចំណោមសមាជិក ២៦នាក់នៃក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងប្រមូលផ្ដុំក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon រូបនេះ បានឲ្យដឹងថា ការចាប់ផ្ដើមជាមួយក្រុមធំ មិនមែនជាការងាយស្រួលនោះទេ ពោលតែងតែមានការពិបាក ប៉ុន្ដែខ្លួនមិនចុះចាញ់ការលំបាកទាំងនេះឡើយ ព្រោះវាជាក្ដីស្រមៃរបស់ខ្លួនតាំងពីតូចមកម្ល៉េះ ។ ហេតុនេះរូបគេបានតាំងចិត្តយ៉ាងមុតមាំ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករឆ្នើមម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា ។

14715032_1806596126244554_5578470728679840148_o

អ៊ិន សូដាវីត បានលើកឡើងថា៖ «ខ្ញុំខំហាត់តាំងពីតូច ហើយក្ដីរំពឹងខ្ញុំ គឺខ្ញុំចង់ជាប់ជម្រើសជាតិ ហើយខ្ញុំក៏បានខំអភិវឌ្ឍន៍ខ្លួនរហូត រហូតដល់ជាប់ជម្រើសជាតិ U-19កម្ពុជា គឺខ្ញុំរឹតតែប្រឹងថែមទៀត ។ ប៉ុន្ដែក្រោយទទួលបានដំណឹងខ្លួនឯងជាប់ជម្រើសជាតិ ខ្ញុំពិតជាភ្ញាក់ផ្អើល ចំពោះការសម្រេចដូចក្ដីរំពឹងនេះ ។ ចំពោះជម្រើស ២៣នាក់ ប្រសិនបើគេកាត់ឈ្មោះខ្ញុំចោល ក៏ខ្ញុំអត់បាក់ទឹកចិត្ត ហើយក៏មិនបោះបង់ក្ដីស្រមៃខ្ញុំដែរ ។ ផ្ទុយទៅវិញ ខ្ញុំនឹងមកពង្រឹងខ្លួនឲ្យបានកាន់តែខ្លាំងជាមួយក្លឹប ដើម្បីជាប់ជម្រើសជាតិសាជាថ្មី ព្រោះអនាគតខ្ញុំនៅវ័យឆ្ងាយ ខ្ញុំនៅក្មេង គឺត្រូវការអភិវឌ្ឍន៍ខ្លួនបន្ដទៀត» ។

14633635_1801427906761376_1353185703786314047_o

គួរបញ្ជាក់ថា ការលើកឡើងរបស់ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាពរូបនេះ គឺស្របពេល អ៊ិន សូដាវីត ស្ថិតក្នុងបញ្ជីឈ្មោះប្រមូលផ្ដុំនៃក្រុមជម្រើសជាតិ ដែលមានសមាជិក ២៦នាក់ ប៉ុន្ដែលោក Lee Tae Hoon នឹងកាត់ឈ្មោះ ៣នាក់ចោល មុននឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខនេះ ដោយកម្ពុជា ត្រូវប្រជែងជាមួយវៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។ ដូច្នេះពេលនេះ នៅមិនទាន់ដឹងថា កីឡាករណាខ្លួន នឹងត្រូវខ្ទាតចេញពីបញ្ជីឈ្មោះ ២៣នាក់នៅឡើយទេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ